(កំពង់ឆ្នាំង)៖ ករណីយុវតីជាសិស្សសាលារៀនថ្នាក់ទី១២ ម្នាក់ រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលបានជិះទូកបាឡាស្មាច់ទៅរៀន និងបានស្លាប់កណ្ដាលទន្លេ ពេលដែលនាងត្រឡប់មកពីសាលារៀនវិញ ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ មកដល់ពេលនេះគេនៅពុំទាន់ដឹងថា តើការស្លាប់របស់នាងបណ្ដាលមកពីមូលហេតុអ្វីឲ្យបានពិតប្រាកដនៅឡើយនោះទេ។
តាំងពីថ្ងៃដែលនាងស្លាប់មកដល់ថ្ងៃនេះ មានរយៈពេលជិត ២ខែហើយ ក្រុមគ្រួសាររបស់នាងនៅតែមិនអស់ចិត្ត និងបានទទូចសុំឱ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវរកមូលហេតុ នៃការស្លាប់របស់នាង ថាតើនាងពិតជាបានស្លាប់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដ ដើម្បីក្រុមគ្រួសារនិងបានអស់ចិត្ត ពិសេសដួងវិញ្ញាណរបស់នាង នឹងបានស្ងប់ផងដែរ។
ករណីនេះកន្លងមកកងរាជអាវុធហត្ថខេត្ត ក៏ធ្លាប់បាននាំយុវជន២នាក់យកមកធ្វើការសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង១ដងរួចមកហើយដែរ តែបន្ទាប់ពីធ្វើការសាកសួរយុវជនទាំង២នាក់ មិនមានការពាក់ព័ន្ធក្នុងករណីការស្លាប់របស់យុវតីខាងលើនេះ សមត្ថកិច្ចអាវុធហត្ថក៏បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ជុំវិញករណីនេះ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះលោកនៅតែបន្តស្រាវជ្រាវ ស្វែងរកការពិត ពាក់ព័ន្ធទៅនឹងការស្លាប់របស់យុវតីខាងលើនេះមិនដែលបោះបង់ចោលនោះទេ។ លោកប្រាប់ទៀតថា ប៉ុន្មានថ្ងៃមុននេះលោកក៏បានហៅមនុស្សម្នាក់យកមកសួរនាំទៀតដែរ តែមិនបានរកឃើញថា មានការពាក់ព័ន្ធអ្វីទៅការស្លាប់របស់យុវតីខាងលើនោះ ហើយលោកក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថា រឿងនេះលោកនៅតែធ្វើការស្រាវជ្រាវជាបន្ត។ បច្ចុប្បន្នលោកក៏បានកំណត់មុខសញ្ញាម្នាក់ទៀត ហើយលោកកំពុងស្រាវជ្រាវសាវតាឱ្យបានច្បាស់ លោកនឹងសុំដីកាពីលោកព្រះរាជអាជ្ញាដើម្បីនាំយកមកធ្វើការសួរនាំជាបន្តទៀត៕