(រតនគិរី)៖ លោក អ៊ុក គឹមរដ្ឋា ម្ចាស់ចំការមានប៉ៃលិន (តាង៉ែន) មួយកន្លែងស្ថិតនៅភូមិ៤ ឃុំត្រពាំងច្រែស ស្រុកកូនមុំ បានឲ្យដឹងថា លោកមានផ្ទៃដីដាំដុះដំណាំមៀន ប្រមាណ ២០ហិចតាដោយទទួលទិនផលបន្តបន្ទាប់ ប៉ុន្តែតម្លៃលើទីផ្សារមានការធ្លាក់ចុះខ្លាំង។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ម្ចាស់ចំការមៀនខាងលើ បញ្ជាក់ថា មៀននោះទទួលបាន ១គីឡូក្រាម តម្លៃ ៣៥០០រៀលប៉ុណ្ណោះ (បច្ចុប្បន្ន)។
លោក អ៊ុក គឹមរដ្ឋា ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បន្តថា រយៈពេលដាំដុះចន្លោះ ៤-៥ឆ្នាំ ដោយក្នុង១ហិចតាដាំកូន៤០០ដើម រីឯការចំណាយវិញ ក្នុង១ហិចតា ៤០០០-៥០០០ដុល្លារឯណោះ។
លោក អ៊ុក ជឹមរដ្ឋា បញ្ជាក់ឲ្យដឹងទៀតថា តម្លៃទីផ្សារមានប៉ៃលិនខាងលើនេះអាចទប់ទល់ការចំណាយដូចជាថ្លៃពលកម្ម, ថ្លៃថែទាំ, ប្រេង, ជីគ្រប់គ្រាន់ ប៉ុន្តែមិនសល់លុយកាក់ទេ ហើយទីផ្សារធំសម្រាប់លក់ផ្លែមៀនប៉ៃលិន គឺប្រទេសវៀតណាម។
ទន្ទឹមនោះដែរលោកក៏សំណូមពរទៅមន្ទីរជំនាញ កៀរគរអ្នកវិនិយោគក្នុងស្រុកដើម្បីបង្កើតសិប្បកម្មខ្នាតតូចកែច្នៃគ្រឿងកំប៉ុង និងដំណាប់ ជៀសវាងពេលខ្លះសល់ពីតម្រូវការទីផ្សារ និងជៀសវាងផ្លែទុំជ្រុះចោលដោយយើងប្រើប្រាស់មិនទាន់អស់លទ្ធភាព។
ដោយឡែកលោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បញ្ជាក់ឲ្យដឹងថា ចំការមានប៉ៃលិនមានប្រមាណ៤០០ហិចតា ក្នុងនោះក្រុមហ៊ុនវិនិយោគដាំចំនួន ៣០០ហិចតា ប៉ុន្តែរឿងកៀរគរអ្នកវិនិយោគក្នុងស្រុកបង្កើតសិប្បកម្មខ្នាតតូចកែច្នៃនោះ មិនទាន់ឈានដល់នៅឡើយទេ ពោលគឺម្ចាស់ចំការគិតគូរពេលវេលាខ្លួនឯង តាមពេលដែលមានតម្រូវការខ្ពស់៕