(សៀមរាប)៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាប គិតរហូតមកទល់ពេលនេះ បានសម្រេចប្រមាណជាង ១០ភាគរយហើយ ដោយក្រុមការងារសាងសង់កំពុងបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំ។
ការចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ដោយគណៈកម្មការអន្តរក្រសួង ដែលដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប រួមជាមួយ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោកកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា រួមនឹងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូប។
វឌ្ឍនភាពគិតពីពេលចាប់ផ្ដើមរហូតដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្រេចបាន ១០,៤៣% ក្នុងនោះ៖
១៖ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែ សម្រេចបាន ៩,៩៣% រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ចំនួន ១៣ខ្សែ ប្រវែង ២៦,៥៣គីឡូម៉ែត្រ សម្រេចបាន ១០,១០% កងវិស្វកម្មសម្ដេចតេជោ ហ៊ុនសែន សៀមរាប ចំនួន ៨ខ្សែ ប្រវែង ២៤,៤៧គីឡូម៉ែត្រ សម្រេចបាន ៨,៧៦% កងវិស្វកម្មសម្ដេចតេជោខេត្តសៀមរាប ចំនួន ៦ខ្សែ ប្រវែង ១១,៩០គីឡូម៉ែត្រ សម្រេច១៨,០៥% នាយកដ្ឋានជួលជុលនិងថែទំាផ្លូវថ្នល់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៤,៥ខ្សែ ប្រវែង ២០,៩០គីឡូម៉ែត្រ សម្រេចបាន៨,៨៧% នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លុវនៃក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួន ៥ខ្សែ ប្រវែងសរុប ១៤,៣២គីឡូម៉ែត្រ សម្រេចបាន ៧,៧៨% និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ចំនួន ១,៥ខ្សែ ប្រវែង ១១,៦២គីឡូម៉ែត្រ សម្រេចបាន៨,៩៨%។
២៖ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀងរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ៤២ខ្សែ ប្រវែង៣៣,៦៤គីឡូម៉ែត្រ សម្រេចបាន២៩,៦៨%។
ទន្ទឹមនេះ ដើម្បីជាការរួមចំណែកលើកតម្កើងសោភណភាព និងបរិស្ថានក្រុងសៀមរាបឡេីងវិញ ប្រជាពលរដ្ឋ ៤២០គ្រួសារ នៃចំនួនគ្រួសារសរុប ៤៣០ ស្មើ ៩៧% បានស័្មគ្រចិត្តរុះរើសំណង់បណ្តោះអាសន្នរបស់ខ្លួន ចេញពីច្រាំង និងដីចំណីស្ទឹងសៀមរាប តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ក្នុងនោះប្រជាពលរដ្ឋ ៣១២ គ្រួសារ បានរុះរើរួចផងដែរ៕