(ភ្នំពេញ)៖ នារីរងគ្រោះវ័យក្មេងម្នាក់ ដែលត្រូវបានម្តាយបង្កើតអំពើហិង្សាជាញឹកញាប់ បណ្តាលឱ្យរងរបួសដេរជាច្រើនថ្នេរនោះ ក្រោយពីមានការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន នគរបាលមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញ ចុះទៅពិនិត្យជាបន្ទាន់ និងបានបញ្ជូននារីរូបនេះមកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងបានបញ្ជូនបន្តទៅទីតាំងសុវត្ថិភាព ដើម្បីផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
លោក ឃួង ស្រេង បានលើកឡើងថា ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានចុះទៅពិនិត្យ សង្គ្រោះ និងព្យាបាលបន្ទាន់នូវករណីស្រ្តីរងគ្រោះវ័យក្មេងឈ្មោះ ស.ស.ព អាយុ២៤ឆ្នាំ ដែលរងគ្រោះដោយអំពើហិង្សាពីសំណាក់ម្តាយបង្កើតជាញឹកញាប់ តាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង រួចនាំទៅទីតាំងសុវត្ថិភាព ព្រមទាំងបានផ្តល់សេវាផ្សេងៗពីអង្គការដៃគូ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកស្រីបានចុះដល់មូលដ្ឋានផ្លូវរ៉ារទេះភ្លើង ជាទីកន្លែងកើតហេតុ។ ក្រោយពីទទួល ស្ត្រីជាជនរងគ្រោះវយ័ក្មេងពីអធិការនគរបាលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួចមក មន្ទីរសង្គមកិច្ច បានដឹកនារីជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីពិនិត្យ និងលាងរបួស។
លោកស្រីបញ្ជាក់ថា ស្ត្រីរងគ្រោះបានទទួលថវិកាដ៏ថ្លៃថ្លាបំផុតរបស់លោក ឃួង ស្រេង ចំនួន១លានរៀល ព្រមទាំងចង្អុលបង្ហាញឱ្យមន្ទីរជំនាញយកចិត្តទុកដាក់ធ្វើយ៉ាងណាផ្ដល់ការព្យាបាលសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យដល់ស្ត្រីរងគ្រោះ។
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានពិគ្រោះយោបល់តាមនីតិវិធី និងបានបញ្ជូនទៅទីតាំងសុវត្ថភាព ផ្តល់សេវាផ្សេងៗ ពីអង្គការដៃគូរ។
លោកស្រីបន្តទៀតថា នារីវ័យក្មេងខាងលើមានស្នាមរបួសចាស់នៅលើក្បាលចំនួន៤កន្លែង និងរបួសថ្មីទើបដេររួច១កន្លែង។ ឪពុកបង្កើតរបស់ស្ត្រីជនរងគ្រោះខាងលើ បានទទួលអនិច្ចកម្ម ២ឆ្នាំហើយ ក្រោយលែងលះគ្នាជាយូរមកហើយ ជាមួយម្ដាយនារីខាងលើ (មុនអនិច្ចកម្ម)។
នារីរងគ្រោះខាងលើ កាលពីក្មេងបានរស់នៅ តែជាមួយជីដូននៅខេត្តកំពង់ស្ពឺ( ស្រុកកំណើតខាងឪពុកបង្កើត)។ ក្រោយជីដូនស្លាប់ គាត់នៅក្មេងពេក (មិនចាំអាយុ) បានមករស់នៅជាមួយម្តាយសព្វថ្ងៃនេះ និងឪពុកចុងក្មេង (អាសយដ្ឋានកើតហេតុ)។ នារីវ័យក្មេង មិនដែលបានចូលរៀននោះទេ(មិនចេះអក្សរ)។
ម្ដាយមានស្រុកកំណើតនៅ ខេត្តស្វាយរៀង នារីរងគ្រោះមានអាយុខុសពីអំពីស្ថានភាពខាងក្រៅ (ប្រហែល១៧ឆ្នាំ) មានសុខភាព ផ្លូវចិត្ត មិនសូវល្អ និងរូបរាង្គកាយស្គមស្គាំង។ ប្រភពព័ត៌មានពីអ្នកជិតខាង (ស្ត្រីរងគ្រោះទទួលរងអំពើហឹង្សាពីសំណាក់ម្តាយ ជាញឹកញាប់។
បើតាមសំដីនារីជាជនរងគ្រោះខាងលើ បានអះអាងថា ថ្ងៃកើតហេតុ ហូរឈាមនោះ គាត់បានដួលសន្លប់)។ បើតាមបុរសជាឪពុកចុងបានអះអាងថា ខ្លួនបានទាក់ទងគ្នាជាមួយម្ដាយនារីខាងលើចំនួន៦ឆ្នាំមកហើយ។
ជនរងគ្រោះខាងលើ ត្រូវបានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ បញ្ជូនទៅទីកន្លែងសុវត្ថិភាព តាមការស្ម័គ្រចិត្ត និងផ្តល់ថែទាំបណ្តោះអាសន្ន ដើម្បីធ្វើការសិក្សាករណីប៉ាន់ប្រមាណ និងបង្រួបបង្រួមពីគ្រួសារ៕