(ភ្នំពេញ)៖ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិកាជិត១៤លានរៀល ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជំហានទី២។

លោក លេង ផាលី បានបញ្ជាក់ថា «ខ្ញុំពិតជាមានសេក្តីរីករាយណាស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ( Covid-19 )។ ខ្ញុំបាទសូមធ្វើការបរិច្ចាគនូវថវិកាចំនួនជិត១៤លានរៀល ពីប្រាក់បៀវត្សគិតទាំងបង់ពន្ធលើកទី២ ក្នុងរយ:ពេល៣ខែ ចាប់ពីខែកុម្ភ:ដល់ ខែមេសា ឆ្នាំ២០២១ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19)»

ការប្រកាសបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕