(កំពង់ធំ)៖ ដើម្បីជួយដល់ការជួសជុលថែទាំផ្លូវថ្នល់ឱ្យកាន់តែល្អប្រសើរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់គ្រឿងចក្រថ្មីចំនួន៨គ្រឿង ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
ជាមួយនឹងការទទួលបានគ្រឿងចក្រថ្មីនេះលោក ជូ កុល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានយកចិត្តទុកដាក់ផ្តល់គ្រឿងចក្រដល់មន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាខេត្ត ដើម្បីទុកប្រើប្រាស់ដើម្បីបំរើជាប្រយោជន៍រួម។
លោក ជូ កុល្លា និងមន្ត្រី បានប្តេជ្ញាចិត្តថែទាំសម្ភារនេះឲ្យបានល្អ និងប្រើប្រាស់ឲ្យចំគោលដៅសម្រាប់ទៅប្រើប្រាស់ឱ្យអស់លទ្ធភាពនិងចំគោលដៅដើម្បីបំពេញរាល់តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្នុងពេលយកគ្រឿងចក្រមកដល់មន្ទីរសារធារណការ ក៏បានរៀបចំពិធីប្រោះព្រំសុំសេចក្តីសុខផងដែរ។
លោក ជូ កុល្លា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការ នឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែល រស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូ ដែលជាហេតុឲ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចែកជូនគ្រឿងចក្រសម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាលខេត្តមួយចំនួន៨គ្រឿង ទាំង២៥រាជធានី-ខេត្តផងដែរ។
គួរបញ្ជាក់ថា ផ្លូវជាតិ និងផ្លូវខេត្តក្នុងខេត្តកំពង់ធំរួមមាន៖
* ខ្សែទី១៖ ផ្លូវខេត្ត២៦៤B មានប្រវែង ៥៧,៥០០ម៉ែត្រ ជាប្រភេទដីល្បាយថ្ម ចាប់ពីឃុំកំពង់ថ្ម ដល់ឃុំក្រយា ស្រុកសន្ទុក ។
* ខ្សែទី២៖ ផ្លូវខេត្ត២៦៤D មានប្រវែង ៧,៥០០ម៉ែត្រ ជាប្រភេទកៅស៊ូ DBST ចាប់ពីឃុំបន្ទាយស្ទោង ស្រុកស្ទោង ។
* ខ្សែទី៣៖ ផ្លូវជាតិ៥០C មានប្រវែង ១៩,០០០ម៉ែត្រ ជាប្រភេទដីល្បាយថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។
* ខ្សែទី៤៖ ផ្លូវជាតិលេខ ៦ចាស់ មានប្រវែង ៥,០០០ម៉ែត្រ ជាប្រភេទកៅស៊ូ AC ក្នុងឃុំទ្រា ស្រុកស្ទោង ។
* ខ្សែទី៥៖ ផ្លូវជាតិលេខ៦ មានប្រវែង ១៤,៤០៥០ម៉ែត្រ ជាប្រភេទកៅស៊ូ AC ក្នុងស្រុកស្ទោង៕