(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកកិត្តិសេដ្ធាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការទី២ នៃរដ្ឋសភា អញ្ជើញទៅធ្វើទស្សនកិច្ចនៅស្ថានីយ៍ទំនប់វារីអគ្គិសនីសេសានក្រោម២។

ដំណើរទស្សនកិច្ចនេះដែរ មានការចូលរួមពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមន្ទីរអង្គភាពដែលពាក់ព័ន្ធជុំវិញជាច្រើនរូបផងដែរ។

លោក ម៉ុម សារឿន បានបញ្ជាក់ទៅកាន់គណៈប្រតិភូ ក្នុងឱកាសដំណើរទស្សនកិច្ចថា ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ បានដំណើរការសាងសង់ស្ថាបនានៅឆ្នាំ២០១៣ និងសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងនោះគម្រាងវារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុនចំនួន៣មាន៖

*ទី១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group
*ទី២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ
*ទី៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ។

បន្ទាប់ពីទស្សនកិច្ច នៅស្ថានីយ៍ទំនប់វារីអគ្គិសនីសេសានក្រោម២ រួចមក ប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា បានបន្តដំណើរពិនិត្យ មើលសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងស្ទឹងត្រែងផងដែរ៕