(កំពង់ធំ)៖ រាជរដ្ឋាភិបាលជប៉ុន និងកម្មវិធីសៀងអាហារពិភពលោក (WFP) បានសហជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយឧបត្ថម្ភសាងសងមជ្ឈមណ្ឌលទីទួលសុវត្ថិភាពនៅវត្តខ្សាច់ជីរស់ សម្រាប់ត្រៀមរដូវទឹកជំនន់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។

ក្នុងពិធីចុះត្រួតពិនិត្យទីតាំងសាងសង់ទីទួលសុវត្ថិភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហង្ស សាមឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក មីកាមិ ម៉ាសាហិរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា, លោកស្រី យួរ កូណាន នាយិកា អង្គការស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា, លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគ្រោះមហន្តរាយខេត្ត ព្រមទាំងអាជ្ញាធរដែនដី តំណាងប្រជាពលរដ្ឋទាំង១១ឃុំ ស្រុកកំពង់ស្វាយ។

ក្នុងឱកាសនោះដែរ លោក សុខ លូ បានឱ្យដឹងថា ក្នុងនាមអាជ្ញាធរដែនដីឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ ក៏ជាប្រជាពលខ្មែរទាំងមូលផងដែរ សូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅបំផុត សម្រាប់ថ្នាក់ជាតិតែងតែយកចិត្តទុកដាក់ដល់ថ្នាក់ក្រោមជាតិគ្រប់កាលទេសទាំងអស់ពេលមានគ្រោះធម្មជាតិម្តងៗ និងជាពិសេសអង្គការស្បៀងអាហារពិភពលោក និងរាជរដ្ឋាភិបាលម្ចាស់ជំនួយ (ជប៉ុន) ជួយគាំទ្រលើគ្រប់វិស័យផងដែរ។

លោក សុខ លូ បានបន្តថា ជាក់ស្ដែងនៅក្នុងពេលនេះបានកសាងទីតួសុវត្ថិភាព និងការទទួលខុសត្រូវហើយជួយរៀបចំបណ្តុះបណ្តាល សមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំ បានបង្កើតអនុគណៈកម្មការ និងគោលការណ៍ទីទួលសុវត្ថិភាព និងអនុគណៈកម្មការមានចំនួន ១១នាក់ និង៥ក្រុម បែងចែកតួនាទីភារកិច្ចក្នុងការគ្រប់គ្រងពេលហានិភ័យកើតឡើងដោយយថាហេតុពីគ្រោះធម្មជាតិ។ ដោយឡែកឃុំកំពង់គោ មានប្រជាពលរដ្ឋសរុប១៦២១គ្រួសារ មានផ្ទៃដីសរុប ២៧,៣០០ហិកតា ក្នុងនោះដ៏សម្រាប់កសិកម្មចំនួន ១១,៦៤១ហិកតា។

លោកអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋ ៨៥% ប្រកបមុខរបរកសិកម្មធ្វើស្រែចំការ ១០% នេសាទត្រី ៥% លក់កម្លាំងពលកម្ម។ ស្ថានភាពឆ្លើយតបពេលមានគ្រោះទឹកជំនន់កន្លងមក ចំនួនគ្រួសារដែលធ្លាប់តែងតែជម្លៀសមានចំនួន ៣៥០គ្រួសារ ស្មើនឹងចំនួនប្រជាពលរដ្ឋ ១,៥១៨នាក់។ ការលំបាកខ្វះទីទួលសុវត្ថិភាព យកប្រជាពលរដ្ឋមកដាក់ក្នុងវត្ត ប៉ះពាល់ដល់ព្រះសង្ឃ ហើយគ្មានបង្គន់អនាម័យខ្វះទឹកស្អាតហូប និងប្រើប្រាស់ ខ្វះស្បៀងអាហារជាដើម។

ក្នុងឱកាសនោះដែរ លោក មីកាមិ ម៉ាសាហិរ៉ូ និងលោកស្រី យួរ កូណាន នាយិកា ក៏បង្ហាញការសប្បាយចិត្ត និងបានគាំទ្រលើគម្រោងសាងសង់មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ដោយមានការគាំទ្រ ដ៏សប្បុរសពីរដ្ឋាភិបាលជប៉ុន តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសហកាជាមួយកម្មវិធីស្បៀងអាហារពិភពលោក កសាងបានភាពជាដៃគូដ៏រឹងមាំរបស់ខ្លួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ ដល់សហគមន៍ក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់។

តាងនាមឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី លោកសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុន ដែលជាដៃគូប្រពៃណី និងមិត្តភក្តិដ៏យូរអង្វែង ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា មិនត្រឹមតែគម្រោង បែបរចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដើម្បីជួយឆ្លើយតបដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់រហ័ស នៅឆ្នាំ២០២០កន្លងមក។

លោក ហង្ស សាមឿន បានឱ្យដឹងថា នេះគឺជាគម្រោងរួមគ្នាដែលមានមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកែលម្អបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា» ស្ថិតក្រោមផែនការយុទ្ធសាស្ត្រ ប្រចាំប្រទេសរយៈពេល៥ឆ្នាំ (២០-២០២៣) របស់កម្មវិធីស្បៀង ង អាហារពិភពលោក (WFP) ក្នុងនោះទឹកប្រាក់ប្រមាណ ២.៧លានដុល្លារ បន្ថយហានិភ័យ និងលើកកម្ពស់ការត្រៀមរៀបចំ ការឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលស្របទៅនឹងគោលនយោបាយ គ្រប់គ្រងគ្រោះមហន្តរាយ របស់រាជរដ្ឋាភិបាលផងដែរ។

លោក ហង្ស សាមឿន បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហកាជាមួយអង្កការដៃគូអភិវឌ្ឍន៍ដើម្បីធ្វើគម្រោងដោយមានការគាំទ្រពីរាជរដ្ឋាភិបាលប្រទេសជប៉ុន និងមានការចូលរួមជាមួយគម្រោងថ្នាក់គ្រោមជាតិ សង្គមស៊ីវិល ប្រជាពលរដ្ឋក្នុងឃុំ គណៈកម្មការអាចារ្យវត្ត ព្រះសង្ឃ បានសម្រេចជ្រើសរើសយកទីតាំង វត្តខ្សាច់ជីរស់ សម្រាប់សាងសង់ទីទួលសុវត្ថិភាព សម្រាប់ស្នាក់នៅពេលជួបគ្រោះទឹកជំនន់ និងការងារសង្គម ភិវឌ្ឍន៍មូលដ្ឋាន ដើម្បីធានាការការពារទីទួលសុវត្ថិភាពឱ្យមាននិរន្តភាព ប្រសិទ្ធិភាព។

គូសបញ្ជាក់ថា មជ្ឈមណ្ឌលជម្លៀសសុវត្ថិភាព ចំនួន៦មណ្ឌល កំពុងត្រូវបានកសាង និងកែលម្អរួមគ្នា នៅក្នុងខេត្តកំពង់ធំ, ខេត្តកំពង់ឆ្នាំង, និងខេត្តពោធិ៍សាត់ ដែលងាយរងគ្រោះដោយទឹកជំនន់ ដើម្បីការពារជីវិត និងជីវភាពរស់នៅក្នុងអំឡុងពេលមានគ្រោះមហន្តរាយ និងពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន និងសហគមន៍ដើម្បីត្រៀមរៀបចំជាស្រេចសម្រាប់ទឹកជំនន់៕