(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ផៃ ស៊ីផាន ជាប្រធាននៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បន្តធ្វើសន្និសីទព័ត៌មានដើម្បីពិនិត្យវឌ្ឍនភាព និងទិសដៅការងាររបស់មូលដ្ឋានឃុំ/សង្កាត់ នៅក្នុងខេត្តកំពត។
ក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃនេះ ក៏មិនខុសពីសន្និសីទនាពេលកន្លងទៅនោះដែរ ដោយក្រុមប្រឹក្សាខេត្តមួយរូប និងក្រុមប្រឹក្សាសង្កាត់មួយរូប នៅក្នុងខេត្តឡើងមកលើកបង្ហាញនូវសមិទ្ធផលការងារ និងកិច្ចប្រឹងប្រែងមួយចំនួន របស់ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាឃុំ/សង្កាត់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុងខេត្ត ក៏ដូចជានៅតាមឃុំ/សង្កាត់។
លោក ញ៉ូវ សាឯម សមាជិកក្រុមប្រឹក្សាខេត្តកំពត បានលើកបង្ហាញនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ ការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច និងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម។ បើតាមលោក ញ៉ូវ សាឯម ការងារទាំងអស់នេះ មានការចូលរួមយ៉ាងសកម្មពីសមាជិកក្រុមប្រឹក្សាខេត្ត ដើម្បីធានានូវប្រសិទ្ធភាពការងារទាំងអស់នេះ។
ក្រៅតែពីលើកបង្ហាញនូវសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តហើយនោះ លោក ញ៉ូវ សាឯម ក៏បានលើកបង្ហាញនូវការងារដែលសម្រេចបានរបស់ក្រុមប្រឹក្សាខេត្តផងដែរ។ លោកបានលើកបង្ហាញថា ក្នុងឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញចំនួន ១២លើក និងចូលរួមក្នុងកម្មវិធីផ្សេងៗចំនួន ៦៤លើក។
ក្រុមប្រឹក្សាខេត្ត ក៏បានអនុម័តរបាយការណ៍សម្រេចបានរបស់រដ្ឋបាលខេត្ត ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ការកែសម្រូលព្រំប្រទល់រដ្ឋបាលក្រុងកំពត និងស្រុកទឹកឈូ សៀវភៅផែនការអភិវឌ្ឍន៍ខេត្តរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនីយោគបីឆ្នាំរំកិលខេត្ត។
ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្ត ក៏បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ២១លើក និងបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២០ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៤៥៥នាក់។
លោក ញ៉ូវ សាឯម បានឱ្យដឹងថា តាមរយៈវេទិកាទាំងអស់នេះ ក្រុមប្រឹក្សាខេត្តទទួលបានសំណូមពរប្រជាពលរដ្ឋចំនួន ៧២ករណី។ ក្នុងនោះ បានដោះស្រាយបញ្ចប់ចំនួន ១០ករណី និងនៅសល់ចំនួន ៦២ករណី ដែលនឹងត្រូវលើកមកដោះស្រាយនៅឆ្នាំ២០២១។
សមាជិក្រុមប្រឹក្សាខេត្តរូបនេះ បានលើកឡើងថា បញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋដែលមិនអាចដោះស្រាយបាន ដោយសារបញ្ហានោះភាគច្រើនទាក់ទិនទៅនឹងការចំណាយថវិកាច្រើន ដែលជាសមត្ថកិច្ចរបស់ស្ថាប័នថ្នាក់ជាតិ។
សម្រាប់ឆ្នាំ២០២១ លោក ញ៉ូវ សាឯម បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្ត គ្រោងនឹងលើកឡើងនូវផែនការមួយចំនួនមានដូចជា៖
* ចូលរួមជំរុញការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍន៍របស់មូលដ្ឋានក្រុង-ស្រុក ឃុំ សង្កាត់ ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងបន្ស៉ីគ្នាទៅនឹងគម្រោងអភិវឌ្ឍន៍រួមរបស់ថ្នាក់ខេត្ត និងថ្នាក់ជាតិ។
* ចូលរួមតាមដាន ត្រួតពិនិត្យការអនុវត្តបន្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋ ក្នុងប្រភេទ ក្រ១ ក្រ២ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺឆ្លងកូវីដ-១៩ ធ្វើយ៉ាងណាឱ្យការអនុវត្ត គោលនយោបាយនេះ ជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពិតប្រាកដ និងគ្មានលេចចេញជាបាតុភាពអសកម្ម ដែលនាំដល់ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
* បន្តចុះទៅតាមភូមិ ឃុំ និងចុះដល់ខ្នងផ្ទះប្រជាជន ដើម្បីស្វែងយល់ពីតម្រូវការពិតប្រាកដ ឬបញ្ហាប្រឈម ដែលជាតម្រូវការចាំបាច់ចំពោះមុខនៃការរងឥទ្ធិពលផលប៉ះពាល់នៃជំងឺកូវីត-១៩។
* បន្តជំរុញដល់អាជ្ញាធរ ក្នុងការលើកកម្ពស់ការផ្តល់សេវារដ្ឋបាលសេវាសាធារណៈ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានតាមទិសស្លោក (ធ្វើឱ្យបាន ធ្វើឱ្យរហ័ស និងមានតម្លាភាព)។
* លើកទឹកចិត្តចំពោះអ្នកវិនិយោគក្នុង និងក្រៅប្រទេស ឬស្វែងរកសប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋាន និងបង្កើតការងារជូនប្រជាពលរដ្ឋ។
* ជំរុញគាំទ្រការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដែលជាអាទិភាពចាំបាច់របស់ខេត្ត ដូចជា ផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងកន្លងទៅ, ស្ពាន, អគារសាលារៀន, មណ្ឌលសុខភាព, មណ្ឌលធ្វើចត្តាឡីស័ក, ទំនប់ទឹក, ប្រឡាយទឹក និងសំណង់សាធារណៈដទៃទៀត៕