(កំពង់ស្ពឺ)៖ ថ្លែងនៅខេត្តកំពង់ស្ពឺ ក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រីថៃ សិរិន ថន បានយាងទស្សនកិច្ចមកកម្ពុជា ចំនួន១៣លើករួចមកហើយ ដែលការយាងទស្សនកិច្ចនេះ គ្មានអ្វីក្រៅតែពីការជួយឧបត្ថម្ភដល់កម្ពុជា
លើវិស័យអប់រំ និងសុខាភិបាលនោះឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ត្រួសៗ អំពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រី សិរិនថន ក្នុងដំណើរយាងទស្សនកិច្ចនៅកម្ពុជាដូចជា បានជួយសាងសង់ សាលាបណ្តុះបណ្តាលធនធានមនុស្ស នៅខេត្តកំពង់ធំ ហើយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក៏បានយាងក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានកំពង់ស្ពឺ។ ចំណែកឯផ្នែកសុខាភិបាលវិញ ព្រះមហាក្សត្រី សិរិន ថន បានជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៅខេត្តភាគឦសាននៃប្រទេសកម្ពុជា រួមមាន ខេត្តរតនគិរី និងមណ្ឌលគិរី។
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «ការយាងមកទស្សនកិច្ចរបស់ព្រះមហាក្សត្រី សិរិនថន គ្មានអ្វីក្រៅតែពីជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជា ក្នុងឋានៈជាប្រទេសជិតខាងគ្នានោះទេ។ ទូលបង្គុំក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាថ្មីម្តងទៀត សូមថ្លែងអំណរព្រះគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រី ដែលបានរួមវិភាគទាន ផ្តល់ជំនួយសម្រាប់ប្រជាជនកម្ពុជា។
មិនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជា ជំនាន់នេះទេ ក៏ប៉ុន្តែសមិទ្ធផលទាំងអស់នេះ គឺសម្រាប់ប្រជាជនតជំនាន់ក្រោយទៀត»។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី សិរិន ថន បានយាងមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។ នៅថ្ងៃទី២២ម្សិលមិញ ព្រះមហាក្សត្រីថៃ បានយាងទៅកាន់ខេត្តរតនគិរី ដើម្បីសម្ពោធមណ្ឌលសុខភាព ហើយថ្ងៃនេះបានយាងទៅកាន់ខេត្តកំពង់ស្ពឺ ដើម្បីសម្ពោធការដ្ឋានសាងសង់ វិទ្យាស្ថានកំពង់ស្ពឺ។ លើសពីនេះព្រះមហាក្សត្រី សិរិន ថន និងយាងទៅកាន់ខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ធំផងដែរ៕