(ភ្នំពេញ)៖ ព្រះសង្ឃមួយអង្គកំពុងគង់នៅប្រទេសកូរ៉េខាងត្បូង បានមានសង្ឃដីកាថា មានពលករខ្មែរមួយចំនួនបានលួចឆ្លងដែនទៅ ធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយប្រើវីសារជាមន្រ្តីរាជការ ដែលលួចចេញដោយមន្រ្តីនៅក្រសួងមហាផ្ទៃ និងក្រសួងកាបរទេស។ ក្រុមពលករទាំងនោះ ត្រូវបានប៉ូលីសកូរ៉េស្វែងរកឃើញ ព្រមទាំងឃុំ និងឃាត់ខ្លួនពួកគេផងដែរ។
ព្រះសង្ឃមួយ ដែលបានធ្វើវីដេអូឃ្លីបបង្ហោះតាម Facebook និងផ្ញើមកកាន់អង្គភាព Fresh News ដោយមិនបានបង្ហាញព្រះនាម របស់ព្រះអង្គនោះ បានមានសង្ឃដីកាថា កាលពីម្សិលមិញនេះ ព្រះអង្គបាននិមន្តទៅបកប្រែជូនពលករខ្មែរមួយចំនួន ដែលត្រូវបាន សមត្ថកិច្ចនៅប្រទេសកូរ៉េឃាត់ខ្លួន រឿងឆ្លងដែនខុសច្បាប់។ បើតាមព្រះតេជគុណអង្គនេះ បានឲ្យដឹងថា ក្រោយពេលសាកសួរពល ករទាំងនោះ បានប្រាប់ថា ពួកគេបានឆ្លងដែនចូលមកប្រទេសកូរ៉េ ដោយប្រើប្រាស់វីសារមន្រ្តីរាជការ។
តាមរយៈវីដេអូឃ្លីប ព្រះសង្ឃខាងលើ បានមានសង្ឃដីកាបន្ថែមថា ពលករខ្មែរទាំងនោះ បានចំណាយប្រាក់ប្រមាណ ៦ ទៅ៧ពាន់ ដុល្លារ ដើម្បីរត់ការធ្វើវីសារ និងឆ្លងដែនទៅធ្វើការងារនៅប្រទេសកូរ៉េ ប៉ុន្តែពេលមកដល់ព្រលានយន្តហោះប្រទេសកូរ៉េខាងត្បូង ក៏ ត្រូវបានមេខ្យល់ដកយកលិខិតឆ្លងដែន ហើយទុកពួកគេចោលនៅនោះ រហូតដល់សមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជុំវិញបញ្ហានេះ លោក ចាន់ គឹមសេង អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តសញ្ញាណកម្ម ដែលជាអង្គភាពធ្វើលិខិតឆ្លងដែនជូនប្រជាពល រដ្ឋ បានបញ្ជាក់ថា ការធ្វើលិខិតឆ្លងដែនជូនមន្រ្តីរាជការ មិនមែននរណាចេះតែធ្វើបាននោះទេ។ លុះត្រាតែមានការបញ្ជាក់ផ្លូវការពីក្រ សួង ហើយថានៅពេលដែលធ្វើនោះ សាមីខ្លួនត្រូវមក ធ្វើតេស្ត រួមទាំងបំពេញបែបបទ ថតរូបដោយខ្លួនឯង ដែលមិនងាយនឹងបន្លំ បាននោះទេ។
ទោះជាយ៉ាងណា លោក ចាន់ គឹមសេង បានអះអាងថា នឹងស្រាវជ្រាវករណីនេះឱ្យបានលម្អិតថែមទៀត។
ខាងក្រោមនេះជាវីដេអូឃ្លីប របស់ព្រះសង្ឃខ្មែរនៅប្រទេសកូរ៉េ៖
វីដេអូ៖ ព្រះសង្ឃនៅកូរ៉េថា មានមន្រ្តីលួចធ្វើវីសារមន្រ្តីរាជការ ជូនពលករខ្មែរទៅធ្វើការនៅកូរ៉េ ជាថ្នូរនិងលុយ ៦-៧ពាន់ដុល្លារ
Posted by Fresh News on Monday, February 22, 2016