(កំពង់ឆ្នាំង)៖ មន្ត្រីយោធាពាក់ស័ក្តិ៣ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូមកពីទិញម្ហូប ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះ បើកបុកពេញទំហឹងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នៅ ចន្លោះគីឡូម៉ែត្រលេខ៨៣ និងលេខ៨៤ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយកើតហេតុរថយន្តបង្កបានបើករត់ ហើយក្រឡាប់បណ្តាលឲ្យរងរបួស ២នាក់ផងដែរ។
អធិការរងនគរបាលស្រុករលាប្អៀរ ទទួលផែនចរាចរណ៍លោកអនុសេនីយ៍ឯក សៀង រុន បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខសៀមរាប 2A-5451 បើកបរទិសដៅពីកំពង់ឆ្នាំង-ភ្នំពេញ លុះដល់កន្លែងកើតក៏បានបុកម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពេញមួយទំហឹង បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូឈ្មោះ ព្រំ វុទ្ធី អាយុ៤៤ឆ្នាំ ជាមន្ត្រីយោធាពាក់ស័ក្តិ៣ មិនស្គាល់អង្គភាពគ្រាន់តែដឹងថា អង្គភាពនៅភ្នំពេញ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ដោយឡែកអ្នកបើកបររថយន្តខណៈឃើញដូច្នេះ បានបន្ថែមល្បឿនបើកព្យាយានរត់គេចចម្ងាយ ប្រមាណ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ដល់ចំណុចភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ក៏ក្រឡាប់ផ្ងារជើងខ្លួនឯង ។
លោកអនុសេនីយ៍ឯក សៀង រុន បានបន្តឲ្យដឹងថា អ្នកបើកបរឈ្មោះ ថៃ ឆាយគី រស់នៅភូមិទី៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងម្នាក់ទៀតជាកម្មករឈ្មោះ ឡាវ សារៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕