(ភ្នំពេញ)៖ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសប្រកាសកាត់បៀវត្សរយៈពេល១២ខែ ក្នុងឆ្នាំ២០២១ ដោយប្រគល់ថវិកាសរុបតែម្តងចំនួន ៦៦,៧៨០,០០០រៀល (ដែលជាចំនួនសរុបក្រោយពេលបង់ពន្ធរួចរាល់) ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
សូមបញ្ជាក់ផងដែរថា ទឹកប្រាក់ចំនួន ៦៦,៧៨០,០០០រៀល នេះ នឹងត្រូវប្រគល់ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងកូវីដ១៩ ទាំងអស់ក្នុងពេលនេះតែម្តងដោយពុំចាំបាច់កាត់ចេញជាប្រចាំខែពីគណនីបៀវត្សរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រីនោះទេ។
ការប្រកាសរបស់កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ គឺធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕