Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូស្តា រីកា ប្រកាសថាវីរុស Zika ដំបូងកើតឡើងលើស្ត្រីមានផ្ទៃពោះម្នាក់

23-02-2016 10:21

(កូស្តា រីកា)៖ ក្រសួងសុខាភិបាល កូស្តា រីកា បានប្រកាសនៅដើមសប្តាហ៍នេះថា ប្រទេសអាមេរិកកណ្តាលមួយនេះ បានកើតមានករណីឆ្លងជាលើកដំបូងហើយនៃវីរុស ហ្ស៊ីកា (Zika) ដោយក្នុងនោះស្ត្រីកំពុងមានផ្ទៃពោះវ័យ ២៤ឆ្នាំម្នាក់ គឺជាជនរងគ្រោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់រងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រសួងសុខាភិបាលឲ្យដឹងទៀតថា ស្ត្រីរងគ្រោះខាងលើនេះ ជាប្រជាជនរស់នៅទីក្រុងនីកូយ៉ា (Nicoya) ខេត្តហ្គាណាកាសត៍ (Guanacaste) ដែលមានចម្ងាយ ២០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី សាន់ ចូស (San Jose)។ តាមសម្តីរបស់មន្ត្រីសុខាភិបាល ស្ត្រីខាងលើនេះមានអការៈជំងឺដូចដែលអ្នកជំងឺ ហ្ស៊ីកា នៅប្រទេសមួយចំនួនទៀត ក្នុងទ្វីបអាមេរិកខាងត្បូង បានកើតមានដែរ។

បច្ចុប្បន្នមន្ត្រីពាក់ព័ន្ធបាន ប្រកាសអាសន្ននៅខេត្តហ្គាណាកាសត៍ ទាំងមូល ដើម្បីឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ជាពិសេសចំពោះសត្វមូស ស្របដែលប្រជាជន ៥នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យពិនិត្យអការៈរោគ ដោយសង្ស័យថា អាចឆ្លងវីរុសនេះផងដែរ៕