(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ៣០គ្រួសារ នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងពិធីនេះ មានការចូលរួមពី លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងជាប្រធានកិត្ដិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។
ក្នុងឱកាសនោះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ជានិច្ចកាលសម្ដេច និងថ្នាក់ដឹកនាំ តែងតែមានការគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតលើការងារមនុស្សធម៌ ការលើកកម្ពស់កម្រិតជីវៈភាពរស់នៅ របស់ប្រជាជនទូទាំងប្រទេស តាមរយៈកិច្ចអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរ និងរីកចម្រើនជាលំដាប់ ជាពិសេសការអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។
លោកស្រី ស៊ិន រតនា អភិបាលរង បានបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូក្រាម, ឃីត០២កញ្ចប់, ថវិកា៣០,០០០រៀល ហើយក្នុងនោះ ឃីត០១កញ្ចប់ ជាការចូលរួមឧបត្ថម្ភពីអង្គការផ្ទះបាយកុមារផងដែរ៕