(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាកំពុងគិតគូរងាកមករកប្រភពធនធានក្នុងស្រុកវិញ តាមរយៈការបោះមូលបត្របំណុលរដ្ឋាភិបាល (Government Bond) ខណៈអត្រាការប្រាក់កម្ចី ពីដៃគូវិនិយោគឡើងថ្លៃជាងមុន។
ការលើកឡើងបែបនេះរបស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងកម្មវិធី វេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
លោក វង្សី វិស្សុត បានឲ្យដឹងថា «កម្ពុជាគួរឈប់ខ្ចីប្រាក់ពីខាងក្រៅ ហើយងាកមកខ្ចីក្នុងស្រុកវិញ ព្រោះកម្ចីខាងក្រៅចាប់ផ្ដើមឡើងថ្លៃ ជាក់ស្ដែងធនាគារពិភពលោកបច្ចុប្បន្ននេះ មានអត្រាការប្រាក់២.៨ភាគរយក្នុងមួយឆ្នាំ ខណៈពីមុនមានត្រឹម០.៧ភាគរយប៉ុណ្ណោះ ដូច្នេះកម្ពុជាបានផ្អាកក្នុងការខ្ចីខ្លះ ហើយងាកមកខ្ចីប្រទេសជប៉ុន, ធនាគារ ADB និង ពីអឺរ៉ុបវិញ»។
លោកបានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាក៏កំពុងចរចារជាមួយធនាគារពិភពលោក ដើម្បីបន្ធូរបន្ថយអត្រាការប្រាក់ កុំឲ្យឡើងថ្លៃខ្លាំងពេក។
លោកបញ្ជាក់ថា យ៉ាងណាមិញគោលដៅធំរបស់កម្ពុជា គឺមិនខ្ចីប្រាក់ពីប្រទេសក្រៅទៀតទេ គឺងាក់មកខ្ចីក្នុងស្រុកតាមរយៈការបោះមូលបត្របំណុល។ ចំណែកឯបំណុលរបស់កម្ពុជា ស្ថិតក្នុងចន្លោះទាបនៅឡើយទេ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០២០ក្តី។
សូមជម្រាបថា ច្បាប់ស្តីពីមូលបត្ររដ្ឋ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២0 ហើយត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ដាក់ឲ្យប្រាស់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
ច្បាប់ស្តីពីមូលបត្ររដ្ឋ មានគោលបំណងផ្តល់នូវក្របខណ្ឌរួម សម្រាប់គ្រប់គ្រងការបោះផ្សាយការជួញដូរ និងការគ្រប់គ្រងមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ព្រមទាំងធានាបាននូវចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ សំដៅរួមចំណែកពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់ របស់រាជរដ្ឋាភិបាល, ឆ្លើយតបទៅនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម, អភិវឌ្ឍទីផ្សារមូលបត្រ និងទីផ្សារហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគាំទ្រគម្រោងអាទិភាព និងចាំបាច់ផ្សេងទៀត៕