(ព្រះសីហនុ)៖ នៅវេលាម៉ោង០២ និង០០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅម្ដុំខារ៉ាអូខេ៣៣៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ កម្លាំងក្រុមល្បាតពួនស្ទាក់ នៃការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង វិឆៃ អាយុ២៩ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជាមុខសញ្ញាចាស់) ក្រោយពេលជនសង្ស័យធ្វើសកម្មភាពលួច ហើយជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ។
មធ្យោបាយ និងសម្ភារវត្ថុតាងដែលចាប់យកបានរួមមាន៖
*ម៉ូតូ០១គ្រឿងម៉ាក Scoopy ពណ៌ទឹកប៊ិច (មធ្យោបាយធ្វើសកម្មភាព)
*កាបូបស្ពាយពណ៌ប្រផេះ ចំនួន០១ ដែលក្នុងកាបូបស្ពាយនោះមាន៖ កាតគ្រីម៉ូតូ០២សន្លឹក, នាឡិកាដៃ០១, កាំមេរ៉ា០១, កូនសោឡានម៉ាកហ្វត ចំនួន០១, ឆ្នាំងសាកកុំព្យូទ័រ ចំនួន០១, ទួលវីល (ដែកអក្សរតេ) ចំនួន០១ ,កូនសោម៉តូ ចំនួន០៥, លុយ៥២,០០០រៀល និងសម្ភារផ្សេងៗទៀត។
ក្រោយពេលសាកសួរ ជនសង្ស័យបានសារភាពថា ចំពោះមធ្យោបាយ (ម៉ូតូម៉ាកScoopy)ធ្វើសកម្មភាពខ្លួនបានធ្វើសកម្មភាពលួច កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣ និង០០នាទី ដែលចតក្នុងការិយាល័យ របស់ក្រុមហ៊ុនLan Mei Express មានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្ដព្រះសីហនុ។
តាមការលើកឡើងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១ និង៤០នាទី ខ្លួនបានជិះម៉ូតូដែលលួចបានកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មកធ្វើសកម្មភាពហែកចំរឹងបង្អូចចូលផ្ទះរបស់លោកស្រី ENO Margaret Elizabeth Jane ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៖548154578 មុខរបរនាយិការអង្គការម្លប់តាប៉ាង មានទីតាំងស្ដិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្ដព្រះសីហនុ ធ្វើសកម្មភាពលួចរបស់របរ និងសម្ភារក្នុងផ្ទះទីតាំងខាងលើ ដោយខ្លួនលួចបានIpad ចំនួន០២គ្រឿង Laptop ធម្មតា ចំនួន០១គ្រឿង និងLaptop Apple ចំនួន០១គ្រឿង ឧបករណ៍ភ្ជាប់Wifi រួមនឹងសម្ភារមួយចំនួនដូចបានរៀបរាប់ខាងលើ។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង ត្រូវបាននាំមកកាន់ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ ដើម្បីកសាងសំណុំររឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី៕