(ភ្នំពេញ)៖ រាជធានីភ្នំពេញ ជាទីក្រុងមួយពោរពេញទៅដោយសន្តិសុខល្អ ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ មានបរិស្ថានល្អ និងមានទន្លេបួនមុខ ដែលជាទីក្រុងមួយ មានភាពស្រស់ស្អាតមែនទែន។
នេះបើតាមការលើកឡើងរបស់លោក អឺមេណេហ្ស៉ីលដូ គូប៉ា ឡូប៉េស ( H.E. ERMENEGILDO KUPA LOPES ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំកម្ពុជា ខណៈដែលលោកជួបសម្ដែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោក អឺមេណេហ្ស៉ីលដូ គូប៉ា ឡូប៉េស បានលើកឡើងថា មន្ត្រីការទូតរបស់ទីម័រ ក៏ដូចជានិស្សិតទីម័រ ដែលបាននិងកំពុងស្នាក់នៅធ្វើការងារ និងរៀនសូត្រនៅរាជធានីភ្នំពេញ ពិតជាមានការកក់ក្តៅខ្លាំងណាស់ ជាមួយនឹងសន្តិសុខយ៉ាងល្អប្រសើរ ប្រៀបបាននឹងការរស់នៅក្នុងផ្ទះរបស់ខ្លួនអញ្ចឹងដែរ។
លោកបញ្ជាក់ថា រាជធានីភ្នំពេញ បើតាមការអង្កេតមើលរបស់លោកឃើញថា ពិតជាមានសន្តិសុខយ៉ាងល្អប្រសើរខ្លាំងមែនទែន ដោយនៅតាមដងផ្លូវនានា នៅកន្លែងក្លឹបរាត្រី កន្លែងសប្បាយសុភាពនានា ហាក់មិនមានអ្វីគួរឲ្យរំខាននោះទេគឺមានសន្តិសុខល្អ២៤ម៉ោងលើ២៤ម៉ោង បើប្រៀបធៀបទៅនឹងប្រទេសជឿនលឿនមួយចំនួន ពិសេសសហរដ្ឋអាមេរិក ក៏មិនទាន់ធ្វើបានដូចនៅរាជធានីភ្នំពេញដែរ។ ក្រៅពីមានសន្តិសុខល្អប្រសើរហើយ រាជធានីភ្នំពេញក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សមានបរិស្ថានល្អប្រសើរជាមួយនឹងមានទន្លេបួនមុខដ៏ស្រស់ស្អាតថែមទៀត។
លោក អឺមេណេហ្ស៉ីលដូ គូប៉ា ឡូប៉េស ក៏បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសនេះ ចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនមកដល់ពេលនេះ។ លោកលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះប្រទានឲ្យមកគ្រប់គ្រងព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសនេះមានសន្តិភាពពេញបរិបូណ៍ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរ។
លោកក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជាអំណោយ ម៉ាសចំនួន១លាន៥សែនម៉ាស និងឧបករណ៍មួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជូនប្រទេសទីម័រ ខណៈដែលប្រទេសក្បែរខាង ក៏ដូចប្រទេសជាសមាជិកអាស៊ាន មិនបានមើលឃើញទីម័រ។ នេះជាសណ្តានចិត្តមួយដ៏ល្អបំផុតរបស់កម្ពុជាចំពោះប្រទេសទីម័រ។ បន្ថែមពីនេះទៀតប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែល បានជួយជំរុញឲ្យមានការតស៊ូមតិ រហូតប្រទេសទីម័រ ទទួលបានឯករាជ្យ។
លោក អឺមេណេហ្ស៉ីលដូ គូប៉ា ឡូប៉េស ក៏បាន ស្នើរដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រ ដើម្បីឱ្យប្រទេសទីម័រ បានសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញបានគ្រប់គ្រងរាជធានីបានល្អទាំងសន្តិសុខទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានរៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេសក្នុងអំឡុងរបបប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋនឹងកំភ្លេចបំផ្លាញប្រទេសជាតិដល់ចំណូល។ ប៉ុន្តែ លោកបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីសង្គ្រាម ហើយនាំមកនូវសន្តិភាពពេញបរិបូរណ៌ប៉ុណ្ណោះទេ តែបានអភិវឌ្ឍប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះថែមទៀត។
លោកបន្តថា ក្រៅពីការគ្រប់គ្រងប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើងហើយនោះ ការគ្រប់គ្រងនូវជំងឺ១៩ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏បានគ្រប់គ្រងជំងឺកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរផងដែរ ។
លោកបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញពិតជារីករាយណាស់ដែលបានរាប់អាន និងបានទំនាក់ទំនងល្អជាមួយនឹងប្រទេសទីម័រ ហើយចំពោះការស្នើឱ្យប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅទីក្រុង នៅប្រទេសទីម័រនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំប្រតិភូដើម្បីទៅបំពេញទស្សនកិច្ច ក្រោយពេលដែលកូវីដ-១៩ បានសាបរលាបជាមួយនឹងការបានទទួលបាក់សាំងចាក់ការពារជំងឺនេះហើយនោះ៕