(ភ្នំពេញ)៖ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឃាត់ខ្លួន និងបញ្ជូននាយកគ្រប់គ្រងក្រុមហ៊ុនម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ជនជាតិចិន៣នាក់ ក្នុងសំណុំរឿងស៊ីដាច់ប្រាក់ ៧៦ម៉ឺនដុល្លារ ដែលធានាយកទៅរត់ការចូលសញ្ញាតិខ្មែរតែមិនបានសម្រេច។

ជនជាប់សង្ស័យរូបនោះឈ្មោះ ស៊ិន ដាវុធ អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហ្គោលវែល។ ប្រភពព័ត៌មាននៅ សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបង្ហើបឲ្យដឹងថា សមត្តកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ ស៊ិន ដាវុធ យកទៅប្រគល់ជូនលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរជុំវិញពាក្យបណ្តឹងរបស់ជនជាតិចិនទាំង៣នាក់នោះ។

តាមពាក្យបណ្តឹង បានឲ្យដឹងថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ជនជាតិចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ ស៊ិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យ សុំចូលសញ្ជាតិខ្មែរ ចំពោះជនជាតិចិន៣នាក់ ក្នុងនោះមានប្រុស២នាក់ និងស្ត្រីម្នាក់។

បន្ទាប់មកឈ្មោះ ស៊ិន ដាវុធ បានតម្រូវឲ្យជនជាតិចិន ប្រគល់ប្រាក់ចំនួន ៧៦ម៉ឺនដុល្លារអាមេរិកមកឲ្យគេ ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល ។ ពេលនិយាយត្រូវរ៉ូវគ្នាហើយ ជនជាតិចិនបានប្រគល់សែក១០សន្លឹក របស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន ៧៦ម៉ឺនដុល្លារ ឲ្យទៅឈ្មោះ ស៊ិន ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ។

លុះដល់ថ្ងៃកំណត់ស្រាប់តែ មិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ ស៊ិន ដាវុធ តែជននេះបានគេចវេស និងមិនបានជួបចរចាគ្នាដូចពេលទទួលយកប្រាក់នោះទេ ថែមទាំងព្យាយាមគេចខ្លួនទៀតផង។

លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ ជនជាតិចិន តាមរកឃើញឈ្មោះ ស៊ិន ដាវុធ ហើយពេលនោះឈ្មោះ ស៊ិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារផ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថា នឹងសងប្រាក់នោះទាំងអស់វិញ តែមិនព្រមសងឡើយ ហើយគេចខ្លួនបាត់ថែមទៀត។ ដោយសារតែមានរឿងដូច្នេះហើយ ទើបជនជាតិចិនបានពឹងពាក់មេធាវីប្តឹងជនសង្ស័យឈ្មោះ ស៊ិន ដាវុធ នាយកគ្រប់គ្រងក្រុមហ៊ុននោះតាមផ្លូវច្បាប់តែម្ដងទៅ។

រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង បានឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕