(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ បានចាត់ទុកថា សិក្ខាសាលានេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ, ពង្រីកកិច្ចសន្ទនា និងពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងបណ្តាស្ថាប័នកងឯកភាពកងទ័ពជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជា សប្បុរសជននានា លើមូលដ្ឋាននៃ «ខឿនការពារជាតិរបស់ប្រជាជន» ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។
លោកថា «ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿន ការពារជាតិ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពីស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ»។
លោកឧត្តមសេនិយ៍ឯក បានបន្តទៀតថា ការប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខ ទៅជាការជួយមួយផ្នែកទៅលើការធានានិរន្តរភាពរបស់អង្គភាព គឺជាកិច្ចការដែលបានគិតគូរ និងចាប់ផ្តើមសាកល្បងអនុវត្តជាយូរឆ្នាំមកហើយ និងក៏បានដំណើរការទៅមុខផងដែរ ក្រោមរូបមន្ត «យកគ្រួសារទ័ព ចិញ្ចឹមទ័ព តាមរយៈក្រុមហ៊ុនឯកជន» ដែលជាគោលការណ៍ទិសដៅនៃការបង្វែរទិសនៅរកនិរន្តភាព និងភាពម្ចាស់ការ។
គ្រួសារទ័ពដែលមានដីបង្ករបង្កើនផល គឺជាអ្នកផ្គត់ផ្គង់ទិន្នផលឱ្យក្រុមហ៊ុន ដែលជួយផ្នែកបច្ចេកទេស និងទីផ្សារដល់គ្រួសារទ័ពវិញ។ «កងកម្លាំងប្រដាប់អាវុធ គឺជាខែលនៃការការពារជាតិ» គឺពិតជាត្រឹមត្រូវ ហើយរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ជួយដោះស្រាយគោលនយោបាយជាច្រើន ដើម្បីឱ្យខែលនេះមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ ដើម្បីឱ្យគ្រួសារទ័ពមានជីវភាពប្រសើរ និងពង្រឹងស្មារតីរបស់កងទ័ពឱ្យកាន់តែ មានលំនឹងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ចាំបាច់ត្រូវខិតខំអនុវត្តគោលការណ៍នេះ សំដៅធ្វើយ៉ាងណាឱ្យកងទ័ព និងគ្រួសារមានលទ្ធភាពចិញ្ចឹមខ្លួនឯងដោយប្រើប្រាស់យន្តការទីផ្សារនេះ បន្ថែមលើគោលរបប និងជំនួយឧបត្ថម្ភផ្សេងៗ។
លោកសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធ ក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ បណ្ដាស្ថាប័ន-អង្គភាពស៊ីវិល, សប្បុរសជន និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជានៅមានការជួបប្រទះនូវឧបសគ្គខ្លះៗមួយចំនួន ជាពិសេសក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងទទួលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០១ ឆ្នាំកន្លងមកនេះ។
អង្គសិក្ខាសាលាបានគាំទ្រទិសដៅនៃការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពឱ្យបម្រើទស្សនវិស័យយូរអង្វែង និងការសហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពគ្រួសារយោធិន តាមរយៈការខិតខំជំរុញសកម្មភាពនានាជាអាទិ៍៖ ការខិតខំបន្តកសាងពង្រឹងអង្គភាពឱ្យបានរឹងមាំលើគ្រប់វិស័យ, ការបន្តកសាងនិងពង្រឹងប្រៀបការពារជាតិ, ការបន្តរៀបចំគម្រោងអភិវឌ្ឍផ្នែកកសិកម្ម ដោយភ្ជាប់នឹងការជួយគាំទ្រ ផ្នែកគ្រឿងយន្តកសិកម្ម កម្ចីឥណទានអត់ការប្រាក់ និងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់យោធិនមុនចូលនិវត្តន៍ និងកូនចៅយោធិន ដែលនេះគឺជាការផ្តល់ឱកាសលើកទឹកចិត្ត សំខាន់ដោយពិតជាបានជួយឱ្យពួកគាត់មានលំនឹងជីវភាពគ្រួសារសមរម្យក្នុងសង្គមជាតិ។
លោកបានដាក់ជាទិសដៅទៅមុខ សូមចូលរួមមតិយោបល់ដូចខាងក្រោម៖
*បន្តពង្រឹងប្រព័ន្ធការងារ គណនេយ្យភាព និងប្រសិទ្ធភាពលើកិច្ចការសម្ព័ន្ធមេត្រីភាព ដើម្បីនិរន្តរភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ និងទទួលបាននូវការគាំទ្រ ការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។
*បន្តផ្តល់ជាត្រីវិស័យ និងការតម្រង់ទិសដល់បណ្តាប្រតិបត្តិករពាក់ព័ន្ធ ឱ្យបានច្បាស់លាស់ សំដៅពង្រឹងឱ្យបាននូវការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងគោលការណ៍ពាក់ព័ន្ធនឹងការងារសម្ព័ន្ធមេត្រីភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅ និងឈរលើផែនការច្បាស់លាស់ទាំងចំពោះមុខ និងយុទ្ធសាស្ត្រ។
*បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ និងកិច្ចសន្ទនា រវាងភាគីទទួលជំនួយ និងភាគីអ្នកផ្តល់ជំនួយឱ្យបានគ្រប់កម្រិត ដើម្បីពង្រឹងនូវទំនុកចិត្ត និងទំនាក់ទំនងកាន់តែជិតស្និទ្ធ៕