(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា បានចេញប្រកាសដោយធ្វើការបដិសេធ ចំពោះការចុះផ្សាយករណីមួយនៅខណ្ឌពោធិ៍សែនជ័យ ដែលថាស្រ្តីជាម្តាយកាប់កូនស្រីរបស់ខ្លួន តែតាមការពិតជាការរអិលដួលដោយខ្លួនឯងនោះទេ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបញ្ជាក់ថា ករណីហិង្សាបង្កឡើងដោយម្តាយកាប់មកលើកូនស្រីបណ្តាលឲ្យរងបួសក្បាល ជាក់ស្តែងមិនមែនជាករណីហិង្សាទេ គឺជាការរអិលដួលដោយខ្លួនឯងនៅក្នុងបន្ទប់ទឹកតែប៉ុណ្ណោះ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម និងអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការចុះស្រាវជ្រាវករណីនេះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីចុះស្រាវជ្រាវដោយផ្ទាល់ដល់ផ្ទះក្មេងស្រីជនរងគ្រោះ។
ដោយយោងតាមចម្លើយបញ្ជាក់របស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ពិតជាមានការឈ្លោះប្រកែកគ្នាជាមួយម្តាយដោយសារខ្លួន មិនចេះធ្វើត្រី ទើបពេលគាត់ដើរចេញទៅបន្ទប់ទឹកក៏រអិលជើងដួលបែកក្បាល ហើយក៏បានហៅប្អូន និងម្តាយ ដើម្បីជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ជាមួយនោះដែរ ឪពុកក៏បានបញ្ជាក់ថាជាករណីរអិលជើងដួល មិនមែនជាករណីកាប់ដោយម្តាយនោះទេ ។ រហូតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ អធិការខណ្ឌពោធិ៍សែនជ័យ បាននាំជនរងគ្រោះ និងឪពុកម្តាយ មកសាកសួរបន្ថែមនៅអធិការដ្ឋាន គ្រប់គ្នាទាំងកូន និងឪពុកនៅតែផ្តល់ចម្លើយដដែល ថា រអិលជើងដួលដោយខ្លួនឯង នៅក្នុងពេលសាកសួរ ក៏មានការចូលរួមពីលោកស្រីប្រធានមន្ទីរសង្គមកិច្ច លោកអភិបាលរង និងតំណាងចៅសង្កាត់កាកាប១ផងដែរ ។
ក្រោយស្រាវជ្រាវ និងសាកសួរចប់ សមត្ថកិច្ចក៏បានប្រគល់ក្មេងស្រីនេះទៅមន្ទីរសង្គមកិច្ច ដើម្បីយកទៅព្យាបាលរបួសឲ្យបានជាសះស្បើយ ។ ជាមួយគ្នានោះ ដោយក្តីអាណិតលោកអធិការក៏ បានជួយឧបត្ថម្ភថវិកាមួយចំនួនដល់ក្មេងស្រីរងគ្រោះផងដែរ ៕