(ក្រចេះ)៖ នាថ្ងៃព្រហស្បតិ៍ ១៥កើត និងថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ស្អែកនេះ គឺជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ដែលជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើពុំដែលខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។
វត្តរដ្ឋបាលារាម ហៅវត្តបច្ឆា ដែលជាវត្តល្បីមួយស្ថិតនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ហើយតែងដឹកនាំរៀបចំពិធីបុណ្យសាសនា និងបុណ្យជាតិនានានោះ ក្នុងពិធីបុណ្យមាឃបូជាឆ្នាំវត្តបានគ្រោងរៀបចំពិធីបុណ្យមាឃបូជា ឱ្យបានអធិកអធម និងធំជាងបណ្តាឆ្នាំកន្លងទៅ ដោយមានពុទ្ធបរិស័ទចំណុះជើងវត្តចំនួន១០ មកប្រារព្ធរួមគ្នានៅក្នុងវត្តនេះ។
ព្រះបញ្ញានុបាល ធឹង ច័ន្ទត្រា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត និងជាព្រះចៅអធិការវត្តរដ្ឋបាលារាម បានដឹកនាំព្រះសង្ឃរៀបចំទីធ្លាវត្ត និងតុបតែងលម្អរក្នុងវត្ត ដើម្បីប្រារព្ធពិធីបុណ្យនេះឱ្យស័ក្តិសមទៅនឹងកិត្តិនាមសាសនាព្រះសម្មាសម្ពុទ្ធ។
ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកាថា បុណ្យមាឃបូជាធ្វើឡើងដើម្បីរំលឹកដល់គុណព្រះតនត្រៃទាំងបី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃក្នុងគុណទាំងបីនោះ គឺរំលឹកព្រះពុទ្ធសាសនាតែម្យ៉ាង ដែលព្រះពុទ្ធជាម្ចាស់លោកបានប្រសូត្រ ត្រាស់ដឹង និងចូលព្រះបរិនិព្វាន។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា ពិធីបុណ្យមាឃបូជា ក៏ធ្វើឡើងរំលឹកដល់រឿង៣ធំៗទៀត ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានធ្វើពេលព្រះអង្គនៅមានព្រះជន្មនៅឡើយ។ រឿងធំៗទាំង៣នើរួមមាន៖ ១៖ ព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ដែលមានព្រះភិក្ខុសង្ឃ ១២៥០អង្គចូលរួមសុទ្ធតែជាព្រះអរហន្ត ព្រះសេនាស្របទាំងអស់,
២៖ ព្រះពុទ្ធជាម្ចាស់បរមគ្រូ ទ្រង់សម្ដែងឱវាទបាតិមោក្ខ, ៣៖ ព្រះអង្គទ្រង់ដាក់ព្រះជន្មាយុសង្ខារចំពោះមារថា រយៈពេល៣ខែទៀត ព្រះអង្គចូលព្រះបរិនិព្វាន។
ព្រះចៅអធិការវត្តបច្ឆា បានមានសង្ឃដីកាថា នៅឆ្នាំ ដើម្បីប្រារព្ធពិធីបុណ្យដ៏ធំក្នុងព្រះពុទ្ធសាសននេះ ឱ្យបានអធិកអធម សាលាគណខេត្ត ដែលមានព្រះមេគណខេត្តជាប្រធានអង្គប្រជុំ បានសម្រេចឱ្យវត្តចំនួន១០ក្នុងខេត្ត ធ្វើបុណ្យមាឃបូជារួមគ្នា ក្នុងវត្តរដ្ឋបាលារាម ហៅវត្តបច្ឆា។
បើតាមព្រះតេជគុណ ធឹង ច័ន្ទត្រា ពិធីបុណ្យមាឃបូជា នៅថ្ងៃទី២៨ ខែមករា នឹងមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទក្នុងខេត្តយ៉ាងច្រើនកុះករនឹងចូលរួមផងដែរ។
ក្នុងពិធីបុណ្យនេះ នឹងមានការក្បួនដង្ហែតាមរថយន្ដ និងថ្មើរជើងលើដងផ្លូវនានា ដើម្បីប្រកាសឱ្យប្រជាពុទ្ធបរិស័ទកើតចិត្តជ្រះថ្លាក្នុងសាសនារបស់ព្រះពុទ្ធ។ កាន់តែពិសេសទៀតនោះ ក៏មានការបូជាទៀនចំនួន ១,៥០០ទៀន ដែលបានរៀបចំរួចជាស្រេច និងបង្ហោះប៉េងប៉ោង មានពណ៌ទាំង៦ ចំនួន ១,៨០០ប៉េងប៉ោង។
ព្រះតេជគុណ ធឹង ច័ន្ទត្រា អញ្ជើញប្រជាពុទ្ធបរិស័ទចូលរួមឱ្យបានច្រើនកុះករ ក្នុងពិធីបុណ្យនេះ និងអនុមោទនាយកបុណ្យកុសលក្នុងថ្ងៃដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនា៕
http://image.freshnewsasia.com/2020/id-154/fn-2021-01-27-16-46-22-0.JPG