(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ពីសេដ្ឋកិច្ចកម្ពុជាថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញ ក្នុងរង្វង់៤ភាគរយ។
ការស្ទុះងើបឡើងវិញ ក្នុងកំណើនគួរឲ្យកត់សំគាល់នេះ ត្រូវបានលោក វង្សី វិស្សុត បង្ហាញថា ដោយសារតែការខិតខំប្រឹងប្រែង និងការអន្ដរាគមន៍យ៉ាងខ្លាំងខ្លា របស់រដ្ឋាភិបាលកម្ពុជា។
ការបញ្ជាក់របស់លោក វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាសាធារណៈ ស្តីពី «គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ដល់សាធារណជន ស្វែងយល់លំអិត ពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។
លោក វង្សី វិស្សុត បានឲ្យដឹងថា «ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្នុងរង្វង់៤ភាគរយ ងើបគ្រប់វិស័យទាំងអស់ [.....] ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៤ភាគរយនេះ មិនមែនជាកំណើនអាក្រក់នោះទេ ជាកំណើនមួយដែលស្ទុះងើបពី-៣.១ភាគរយ [២០២០]។ តែទោះជាយ៉ាងណាខ្ញុំមិនហ៊ានព្យាករណ៍ ឲ្យខ្ពស់ជាងនេះនោះឡើយ ដោយសារតែវិបត្តិភ្ញៀវទេសចរ បញ្ហានៃជំងឺកូវីដ១៩ ធ្វើឲ្យវិស័យទេសចរធ្លាក់ចុះខ្លាំង ហើយសម្រាប់ឆ្នាំ២០២១ នេះ ក៏មិនអាចដឹងឡើយថា វិស័យទេសចរណ៍ មានដំណើរការល្អប្រសើរឡើងវិញឬអត់»។
លោកបានបន្ដថា សេដ្ឋកិច្ចកម្ពុជា មួយចំណែកធំបានមកពីវិស័យទេសចរណ៍ ដូច្នេះប្រសិនបើវិស័យទេសចរណ៍ជាប់គាំង កម្ពុជាពិបាកនឹងងើបឡើងវិញនៃសេដ្ឋកិច្ច។ កត្តាមួយទៀត គឺតម្រូវការនៃការនាំចេញផលិតកម្មកម្ពុជា ទៅទីផ្សារអន្ដរជាតិ។ កម្ពុជាខ្លាចថា នៅពេលដែលមានការយឺតយ៉ាវនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ការនាំចេញរបស់កម្ពុជា ក៏យឺតយ៉ាវដូចគ្នា។
មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការហ៊ានអះអាងពីកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៤ភាគរយក្នុងឆ្នាំនេះ ដោយសារតែកម្ពុជា បានទទួលការអន្ដរគមន៍យ៉ាងកក់ក្ដៅពី ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងពេលដែលពិភពលោក ពិសេសកម្ពុជាកំពុងជួបវិបត្តិ នៃជំងឺកូវីដ១៩នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានអន្ដរាគមន៍លើវិស័យផ្សេងៗជាច្រើន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា។ ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះត្រឹម-៣.១ភាគរយប៉ុណ្ណោះ ខណៈក្នុងតំបន់អាស៊ានធ្លាក់ចុះ-៣.៣ភាគរយ។
លោក វង្សី វិស្សុត បានឲ្យដឹងថា ដោយសារតែការអន្ដរាគមន៍ពី ប្រមុខរាជរដ្ឋាភិបាល ទាំងផ្នែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, ការផ្ដល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម (SME), ការបន្ធូរបន្ថយពន្ធ ព្រមទាំងការចូលរួមដោះស្រាយរូបិយវត្ថុមួយចំនួន របស់ធនាគារជាតិនៃកម្ពុជា បានរួមចំណែកផ្ដល់ភាពងាយស្រួល ដល់ការប្រកបអាជីវកម្ម ការរកស៊ីរបស់វិនិយោគិន។
លោកបានបន្ថែមថា ដោយសារតែការអន្ដរាគមន៍ដ៏វិសេសវិសាល របស់ថ្នាក់ដឹកនាំកម្ពុជា ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានក្នុងចន្លោះ-៣.១ភាគរយ មិនធ្លាក់ដល់៥ភាគរយ។
មន្រ្ដីជាន់ខ្ពស់រូបនេះបន្ថែមថា យោងតាមរបាយការណ៍របស់អង្គការ UNDP ឲ្យដឹងថា ប្រសិនបើកម្ពុជាមិនមានអន្ដរគមន៍ ហើយអន្ដរគមន៍មិនមានប្រសិទ្ធិភាព ម្ល៉េះពេលនេះសេដ្ឋកិច្ចកម្ពុជា នឹងឈានធ្លាក់ដល់-៤.១ភាគរយ មិនស្ថិតក្នុងកំណើន -៣.១ភាគរយនោះឡើយ។
លោក វង្សី វិស្សុត ឲ្យដឹងទៀតថា ប្រសិនបើគ្មានការអន្ដរគមន៍ ការគាំពារសង្គម ការផ្ដល់ជំនួយសង្គម, ការបង្កើតការងារតាមជនបទនោះទេ ភាពក្រីក្ររបស់កម្ពុជា នឹងធ្លាក់ដល់១៧ភាគរយ ប៉ុន្ដែបន្ទាប់ពីមានការជ្រោមជ្រែង ធ្វើឲ្យភាពក្រីក្រកម្ពុជា ស្ថិតក្នុងចន្លោះ១៤ភាគរយប៉ុណ្ណោះ។ ចំណែកឯភាពអត់ការងារធ្វើក៏ធ្លាក់ចុះពី៤.៨ភាគរយ មកត្រឹម៤.១ភាគរយ។
លោកបានបញ្ជាក់ថា «ការអន្ដរាគមន៍របស់រាជរដ្ឋាភិបាលនេះ ពិតជាផ្ដល់ផលល្អដល់ការស្ដារសេដ្ឋកិច្ច និងល្អចំពោះលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងការថយចុះនៃការធ្លាក់ក្នុងភាពក្រីក្រ»។
មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ឧស្សាហកម្ម ការកាត់ដេររបស់កម្ពុជាធ្លាក់ពី-៦.៧ភាគរយ មក -៦.៤ភាគរយ ការនាំចេញលើវិស័យកាត់ដេររបស់កម្ពុជាធ្លាក់ចុះ១០ភាគរយ ប៉ុន្ដែមិនមែនជាវិស័យកាត់ដេរកើន២៦ភាគរយ។ ដូច្នេះការនាំចេញរបស់កម្ពុជា ធ្លាក់ចុះត្រឹមតែ-១ភាគរយប៉ុណ្ណោះ។
សម្រាប់វិស័យកសិកម្ម ក្នុងឆ្នាំ២០២០ បានរួមចំណែក ០.៥ភាគរយនៃសេដ្ឋកិច្ចកម្ពុជា ខណៈការនាំចេញផលិតផលកសិកម្មបានកើនឡើង ១៨ភាគរយ៕