(ភ្នំពេញ)៖ អ្នកឧកញ៉ាវ័យនៅកម្ពុជា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា រួមជាមួយកវីនិពន្ធឈ្មោះល្បី យឹម តាស្រង់ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការថ្មីរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្តមានរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក យឹម តាស្រង់ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងដោយភាតរពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News។ លោក លឹម ជាវុត្ថា បាននាំអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក យឹម តាស្រង់ ទស្សនកិច្ច និងណែនាំពីការងារមួយចំនួន ដែលអង្គភាពព័ត៌មាន Fresh News កំពុងប្រតិបត្តិនាពេលបច្ចុប្បន្នលើវិស័យព័ត៌មាន។

ដំណើរទស្សនកិច្ចនៅ Fresh News របស់អ្នកឧកញ៉ាដែលល្បាញល្បីរឿងមនុស្សធម៌នៅកម្ពុជារូបនេះ ដើម្បីអបអរសាទរ Fresh News ដែលសម្ពោធដាក់ឱ្យដំណើរការការិយាល័យថ្មី និងពិភាក្សាលើកិច្ចសហការផ្សព្វផ្សាយអាជីវកម្ម និងគម្រោងវិនិយោគផ្សេងៗរបស់ខ្លួន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកោតសរសើរចំពោះការរៀបចំការិយាល័យ និងប្រព័ន្ធប្រតិបត្តិការងាររបស់ Fresh News ដែលផ្តល់ព័ត៌មានបានរហ័ស និងធ្វើឱ្យបុគ្គលិកមានផាសុខភាពក្នុងការបំពេញការងារ។

ក្នុងឱកាសនេះ លោក លឹម ជាវុត្ថា ក៏បានថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគាំទ្រដល់ការផ្សព្វផ្សាយរបស់ Fresh News ជាពិសេសក្នុងកំលុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ទីស្នាក់ការកណ្តាលថ្មីផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ អគារការិយាល័យថ្មីផ្ទាល់ខ្លួនដំបូងក្រោយអង្គភាពព័ត៌មាន Fresh News បដិសន្ធិឡើងជិត៦ឆ្នាំនេះ មានកម្ពស់ ៤ជាន់ ចែកចេញជាបន្ទប់សម្រាប់ផលិតព័ត៌មានវីដេអូ, បន្ទប់ថតកម្មវិធីសិល្បៈ, កន្លែងផលិតព័ត៌មាន, បន្ទប់ផ្ទុកទិន្នន័យ (Data Center), បន្ទប់ប្រជុំ, កន្លែងអានសៀវភៅ, កន្លែងហាត់ប្រាណ, កន្លែងពិសារកាហ្វេ, អាហារដ្ឋាន និងមានកន្លែងសម្រាប់រៀបចំពិធីជប់លៀងផងដែរ។

ផ្តើមចេញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព និងអារម្មណ៍របស់បុគ្គលិកនោះ លោក លឹម ជាវុត្ថា និងលោក គឹម ម៉េង ជាសហស្ថាបនិក បានផ្ទិតផ្ចង់ជាខ្លាំងលើការរចនាអគារទាំងផ្ទៃខាងក្នុង និងខាងក្រៅឱ្យមានសោភ័ណភាព និងការទាក់ទាញ។ បរិវេណអគារត្រូវបានរៀបចំដោយរំលេចដោយរុក្ខជាតិមួយចំនួន ហើយក៏មានកន្លែងសម្រាប់បុគ្គលិកលំហែអារម្មណ៍ផងដែរ ដើម្បីកាត់បន្ថយភាពតានតឹងជាមួយការងារ៕