(ភ្នំពេញ)៖ ថវិកាមូលនិធិអគ្គិសនីកម្ពុជា ចំនួន៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២១ ដើម្បីចូលរួមចំណែកនូវការចំណាយជាប្រចាំថ្ងៃរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មសង្គ្រោះកុមារកម្ពុជា ដោយឥតគិតថ្លៃ។

ថវិកាទាំងអស់នេះ ត្រូវបានលោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា តំណាងលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា យកទៅប្រគល់ជូនតំណាងមន្ទីរគន្ធបុប្ផា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក អេង គន្ធា តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងបុគ្គលិកអគ្គិសនីកម្ពុជាទាំងអស់ បានលើកឡើងថា ថវិកាទាំងអស់នេះ គឺជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ពិសេសលើការសង្គ្រោះកុមាររបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោក អេង គន្ធា បានគូសបញ្ជាក់ទៀតថា ក្រៅពីថវិកាឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាហើយនោះ អគ្គិសនីកម្ពុជា ក៏បានសាងសង់បន្ទប់ភ្លើង និងតបណ្ដាញភ្លើងសម្រាប់ប្រើប្រាស់ក្នុងអគារថ្មី របស់មន្ទីរពេទ្យគន្ធបុប្ផា នៅក្បែរវត្តភ្នំ រួចរាល់ហើយផងដែរ ដែលទាំងនេះគឺដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យ។

ជាមួយគ្នានេះ តំណាងមន្ទីរពេទ្យគន្ធបុប្ផា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អគ្គិសនីកម្ពុជា ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឲ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារក នៅកម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕