(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរ ១៦០០នាក់ ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលឥណ្ឌា។
ក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រីបណ្ឌិត ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ (Devyani Uttamkhobragade) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ភាគីកម្ពុជាបានថ្លែងអំណរគុណដល់ភាគីឥណ្ឌា ដែលបានផ្តល់អាហាររូបករណ៍ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ឲ្យទទួលបានការបណ្តុះបណ្តាល និងសិក្សាលើមុខជំនាញផ្សេងៗនៅប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៨១មក។
យោងតាមលទ្ធផលជំនួបដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់អាហាររូបករណ៍ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ទៅបណ្តុះបណ្តាល និងសិក្សាលើមុខជំនាញផ្សេងៗនៅប្រទេសឥណ្ឌា ហើយដែលចាប់តាំងពីឆ្នាំ១៩៨១ មកទល់បច្ចុប្បន្ន មានមន្ត្រីរាជការ និងនិស្សិត ប្រមាណ ១៦០០នាក់ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលឥណ្ឌា។ ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ច្បាប់ សុខាភិបាល និងសេដ្ឋកិច្ច-សង្គមផ្សេងទៀតផងដែរ»។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការពេញលេញដល់លោកស្រី ក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ ដើម្បីធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ប្រាក់ សុខុន បានរំលឹកពីប្រវត្តិនៃទំនាក់ទំនង វប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ ជាពិសេស ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យទី១ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយការដួលរំលំនៃរបបខ្មែរក្រហម។ ក្នុងឱកាសនេះដែរ លោកក៏បានជំរុញឱ្យមានការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា នៅប្រទេសឥណ្ឌា ក្នុងពេលវេលាសមស្របដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះរដ្ឋាភិបាលឥណ្ឌាដែលសម្រេចបានការផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួនពីរប្រភេទ ហើយដែលបច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុងដំណើរការកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនលោកនាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី ក្នុងការផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា លោកស្រីមានកិត្តិយស និងសេចក្តីរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ហើយលោកស្រីនឹងខិតខំធ្វើយ៉ាងណាឱ្យទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ កើនឡើងមួយកម្រិតថែមទៀត និងប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិការទូតរបស់លោកស្រីព្រមទាំងបញ្ជាក់ជូនថា លោកស្រីនឹងពាំនាំជូនថ្នាក់ដឹកនាំឥណ្ឌា អំពីគម្រោងរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា នៅប្រទេសឥណ្ឌា។ សម្រាប់សំណើរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ភាគីឥណ្ឌាកំពុងធ្វើការសម្របសម្រួលជាមួយក្រសួងសុខាភិបាលកម្ពុជាលើបញ្ហាជាក់លាក់មួយចំនួន។
ភាគីទាំងពីរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងយន្តការទ្វេភាគីសំខាន់ៗមួយចំនួនផងដែរ។ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ពី ២០៥ លានដុល្លារ នៅក្នុងឆ្នាំ២០១៨ ទៅ ២៥៥លានដុល្លារ នៅក្នុងឆ្នាំ២០១៩ ដោយភាគីឥណ្ឌាបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាចាប់ពីឆ្នាំ២០១៨មក។ ភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចចរចាលើឯកសារសំខាន់មួយចំនួនឱ្យបានឆាប់ដើម្បីឈានទៅធ្វើការចុះហត្ថលេខាលើសន្ធិសញ្ញាវិនិយោគទ្វេភាគី (Bilateral Investment Treaty-BIT) និងសេចក្តីព្រាងលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងាររួមកម្ពុជា-ឥណ្ឌា ស្ដីពីពាណិជ្ជកម្ម និងវិនិយោគ (Cambodia-India Joint Working Group on Trade and Investment CIJWGTI) ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយលោកស្រីនាពេលកន្លងមក ស្នើឱ្យភាគីឥណ្ឌាពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា (Free Trade Agreement-FTA)។
ភាគីទាំងពីរក៏រំពឹងផងដែរថា ក្រោយវិបត្តិជំងឺកូវីដ-១៩ បានស្រាកស្រានបន្តិច ភាគីទាំងពីរនឹងដំណើរការឡើងវិញនូវកិច្ចប្រជុំពិគ្រោះយោបល់របស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ (FOC) និងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌា (JC) ដែលត្រូវបានខកខានរៀបចំកាលពីឆ្នាំ២០២០ ហើយពេលនេះ គឺជាវេនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ FOC និង JC លើកទី៣។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកទល់ពេលបច្ចុប្បន្ននេះ នាវាជើងទឹកឥណ្ឌាបានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ចំនួន ៥ ដងមកហើយ ហើយកម្ពុជានៅតែស្វាគមន៍ការចូលចតនាវាជើងទឹកឥណ្ឌានាពេលអនាគតជាបន្តទៀត។ ចំពោះវិស័យដោះមីន លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានសម្រេចផ្តល់ពូជឆ្កែហិតមីនចំនួន ៤ បន្ថែមទៀត ព្រមទាំងស្វាគមន៍គម្រោងរបស់ឥណ្ឌាក្នុងការបើកមជ្ឈមណ្ឌល
ផលិតអវយវៈសិប្បនិមិត្ត នៅកម្ពុជា នាពេលខាងមុខផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត បានជម្រាបជូនថា ភាគីឥណ្ឌាទន្ទឹងរង់ចាំទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌានៅក្នុងឆ្នាំ២០២១ នេះទៀតផង៕