(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ពលករខ្មែរនានា ឱ្យឈប់ធ្វើចំណាកស្រុកដោយខុសច្បាប់។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតទើបនឹងអន្តរាគមន៍ជួយសង្គ្រោះពលករខុសច្បាប់ជាច្រើនរូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី។
តាមរយៈ Facebook, ទូតខ្មែរនៅម៉ាឡេស៉ី បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២៧ ខែមកនេះ ពលករពលការិនីកម្ពុជាចំនួន ៦រូប បានវិលត្រឡប់ទៅកម្ពុជាវិញតាមជើងយន្តហោះសិង្ហបូរី ក្រោមការជួយសម្របសម្រួលរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៉ី។ សូមការធ្វើដំណើរបានប្រកបដោយសុវត្ថិភាព (សូមបងប្អូនបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់)»។
សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៉ី បានអន្តរាគមន៍ជួយពលករខ្មែរ ៦នាក់ និងទារិកាម្នាក់ ឲ្យបានធ្វើមាតុភូមិនិវត្តន៍វិញ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក កុយ គួង បានឲ្យដឹងថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន០៦នាក់ និងទារិកា០១នាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៥៖៣៥នាទីល្ងាច។
បើតាមលោក កុយ គួង, ស្ថានទូតបានជួយរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៉ី ជូនទៅធ្វើតេស្ត កូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី ជូនពលករ ពលការិនី និងទារិកាខាងលើ ទៅអាកាសយានដ្ឋាន អន្តរជាតិ KLIA ផងដែរ៕