(រតនគិរី)៖ លោកសូ ខនឬទ្ឋីគុណ រដ្ឋលេខាធិកាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ នៅសាលាស្រុកកូនមុំ បានមានប្រសាសន៍ថា ដីដែលសំរេចកាត់ចេញពីតំបន់របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជូនដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារទីទាល់គ្មានដី ត្រូវតែពន្លឿនការអនុវត្តការវាស់វែង និងរៀបចំឯកសារផ្សេងៗដើម្បីប្រគល់ជូនទៅមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ ធ្វើការបែងចែកជូនទៅប្រជាពលរដ្ឋប្រើប្រាស់បានទាន់ពេលវេលា។
លោកបានបន្តថា ដីដែលបំរុងនឹងកាត់ចេញពីតំបន់របៀងអភិរក្សជីវៈចម្រុះ ជូនទៅដល់ប្រជាជនដែលក្រីក្រទាំងនេះ ត្រូវរើសទីតាំងដែលមានជីវជាតិ ស្ថានភាពអំណោយផល អាចបង្កបង្កើនផល មានប្រភពទឹក ទើបអាចកែប្រែជីវភាពរបស់ពួកគាត់ ហើយធានាបាន ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមិនមែនបោះបង់ពួកគាត់ចោលនោះទេ។
លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានមានប្រសាសន៍ថា រាល់ការបែងចែកក្បាលដី សូមអាជ្ញាធរមូលដ្ឋានកំណត់ឲ្យបានច្បាស់ពីពលរដ្ឋដែលមានតម្រូវការពិតប្រាកដ ជៀសវាងជនខិលខូចកាប់ទន្រ្ទានយកលក់ទៅឲ្យឈ្មួញបន្ត។
គួរបញ្ចាក់ផងដែរថា ផ្ទៃដីដែលត្រូវកាត់ចេញនេះ មានទំហំប្រមាណជា ៨,៧៤៧ ហិកតា ដែលមាន២ ទីតាំង ដោយទីតាំងទី១មានទំហំ ៥,២៤៧ ហិកតា និងទីតាំងទី២ មានទំហំ ៣,៥០០ ហិកតា មានទីតាំងក្នុងភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី៕