(ភ្នំពេញ)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីការទូត បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគរួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ប្រេងឆា អំបិល និងម៉ាស់ ដល់ពលករខ្មែរចំនួន ៧០គ្រួសារ និងថវិកាមួយចំនួនដល់ក្មេងៗជាង៣០នាក់ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ស្ថិតនៅឃុំបាងផ្លា ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន។

ការចែកអំណោយបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដោយបានសហការជាមួយអាជ្ញាធរស្រុកបាងភ្លី ខេត្តសាមុទ្រប្រាកាន និងមានការចូលរួមពីអភិបាលស្រុក ប៉ូលីសស្រុក និងតំណាងមន្ទីរសុខាភិបាលផងដែរ។

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកឯកអគ្គរាជទូត ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋមន្រ្តីក្រសួងការងារ លោក អ៉ិត សំហេង ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរ សុខទុក្ខប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសតែងតែបានណែនាំឲ្យស្ថានទូតជួយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យអស់ពីលទ្ធភាព។

ក្នុងនោះ លោកឯកអគ្គរាជទូតបានណែនាំពលករ បន្តចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងកាន់តែសកម្មថែមទៀតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកផ្តាំថា ក្នុងករណីមានបញ្ហា សូមធ្វើការទំនាក់ទំនងមកស្ថានទូតតាមរយៈលេខទូរស័ព្ទ និងហ្វេសប៊ុកផេកស្ថានទូត ដើម្បីទទួលបានការជួយដោះស្រាយបញ្ហា៕