Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ

23-02-2016 07:17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ធ្វើការស្វែងយល់ និងប្រុងប្រយ័ត្នចំពោះគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយហាមដាច់ខាតមិនឲ្យប៉ះពាល់ ព្រោះអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវតែយកចិត្ដទុកដាក់ ពិនិត្យតាមដានសកម្មភាព និងគ្រប់បញ្ហាដែលកើតមានឡើង នៅក្នុងទឹកដីភូមិសាស្ដ្ររបស់ខ្លួន ដែលបានបង្ករគ្រោះថ្នាក់ មកលើប្រជាពលរដ្ឋ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ត្រូវធ្វើសកម្មភាពអប់រំ ប្រជាពលរដ្ឋឲ្យយល់ដឹងចេះ ការពារខ្លួន និងដោះស្រាយជាបន្ទាន់ នូវសំំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅ Facebook របស់សម្តេចយ៉ាងដូច្នេះថា៖

យល់ដឹង និងប្រយ័ត្នអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ។ កម្ពុជាបានចាប់ផ្ដើមបោសសំអាត គ្រាប់មីនជាលក្ខណៈមនុស្សធម៌ និងជាបន្ទាន់នៅឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ដីបង្កបង្កើនផល សម្រាប់ការធ្វើមាតុភូមិនិវត្ដន៍ របស់ប្រជាជនភៀសសឹក មកពីតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនិងនោះ គឺរំដោះដីជូនប្រជាពលរដ្ឋទូទៅធ្វើស្រែចំការ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់សាលារៀន វត្ដអារាម ដើម្បីជីវិតរស់នៅដ៏សុខសាន្ដរបស់ប្រជាជន និងដើម្បីរដ្ឋាភិបាលមានឱកាសកសាង ហេដ្ឋារចនាសម្ព័ន្ធជាសារវន្ដនានារបស់ជាតិ។

ចាប់តាំងពីឆ្នំ ១៩៩៥មក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាយល់ដឹងអំពីមីននៅថ្ងៃទី២៤ កុម្ភៈ ដើម្បីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងវិធានការសង្គ្រោះជនរងគ្រោះដោយសារមីន។ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់នេះ។

សូមគ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវតែយកចិត្ដទុកដាក់ពិនិត្យតាមដានសកម្មភាព និងគ្រប់បញ្ហាដែលកើតមានឡើង នៅក្នុងទឹកដីភូមិសាស្ដ្ររបស់ខ្លួន ដែលបានបង្ករគ្រោះថ្នាក់ មកលើប្រជាពលរដ្ឋដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ត្រូវធ្វើសកម្មភាពអប់រំប្រជាពលរដ្ឋឲ្យ យល់ដឹងចេះ ការពារខ្លួន និងដោះស្រាយជាបន្ទាន់ នូវសំំណូមពររបស់ប្រជាពលរដ្ឋ។ ចំពោះបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សូមប្រយ័ត្ននិងកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់៕