(កំពង់ឆ្នាំង)៖ ផ្លូវរបស់រដ្ឋ១ខ្សែមានប្រវែងជាង ៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលក្រុមនិស្សិតវាស់វែងទុកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរជាសាធារណៈ ហើយត្រូវបានគេបិទអស់ រយៈពេល៥ឆ្នាំមកហើយនោះ បន្ទាប់ពីមានការស្នើសុំពីប្រជាពលរដ្ឋចំនួន៣ភូមិ ដែលបានស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយសម្របសម្រួលបើកផ្លូវនេះឡើងវិញរួចមក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យលោក សូត សង់ អភិបាលរងស្តីទីស្រុកទឹកផុស ឲ្យចុះពិនិត្យ និងបើកផ្លូវរបស់រដ្ឋមួយខ្សែនេះ តាមសំណូមពររបស់ប្រជាពលរដ្ឋជាផងដែរ។
ខណៈនោះដែរក្រុមចម្រុះរបស់រដ្ឋបាលស្រុកទឹកផុសរួមមាន មន្ត្រីសូរិយោដីស្រុក កម្លាំងនគរបាល កម្លាំងអាវុធហត្ថ អាជ្ញាធរភូមិខ្វិតទួលឃ្លាំង អាជ្ញាធរឃុំក្បាលទឹក អាជ្ញាធរស្រុក ដែលដឹកនាំដោយលោក សូត សង់ អភិ បាលរងស្ដីទីស្រុកទឹកផុស បានចុះមកធ្វើការសម្រប សម្រួលជាមួយលោក ខូវ គាត ជាម្ចាស់ចម្ការ ដែលបានបិទផ្លូវនេះរយៈពេល៥ឆ្នាំមកហើយ ឲ្យបើកផ្លូវមួយខ្សែនេះឡើងវិញ។
តំណាងប្រជាពលរដ្ឋ ដែលបានស្នើសុំបើកផ្លូវរបស់រដ្ឋខាងលើនេះបានឱ្យដឹងថា បន្ទាប់ពីមានការព្រមព្រាងពីភាគីលោក ខូវ គាត យល់ព្រមឲ្យបើកផ្លូវនេះឡើងវិញ និងព្រមទាំងបានរើរុះទ្វារចំនួន៣កន្លែងដែលលោក ខូវ គាត បានរាំងបិទផ្លូវខាងលើនេះ ថ្ងៃនោះដែរ ក្រុមការងារជំនាញក៏បានដើរចុចនិយាមកាដើម្បីរកចំណុចផ្លូវចាស់របស់រដ្ឋ ១ខ្សែ ដែលមានទទឹង៥ម៉ែត្រ បណ្ដោយជាង៤ពាន់ម៉ែត្រដែលនិស្សិតវាស់ទុកជាផ្លូវសាធារណៈ ជូនប្រជាពលរដ្ឋធ្វើដំណើរ ដែលផ្លូវនោះស្ថិតនៅក្នុងបរិវេណដីចម្ការរបស់លោក ខូវ គាត។
ខណៈនោះក្រុមជំនាញក៏បានរកឃើញផ្លូវចាស់ ដែលនិស្សិតវាស់វែងទុកនៅក្នុងប្លង់ ដោយផ្លូវមួយចំនួនត្រូវបានព្រៃឬស្សីដុះជុំជិតមួយចំនួនខ្លាយជាជ្រលងទឹកហូរជ្រៅៗ ដោយសារតែគេបិទអស់រយៈពេល៥ឆ្នាំមិនមានអ្នក ធ្វើដំណើរ ផ្លូវមួយចំនួនត្រូវបានលោក ខូវ គាត ចាក់ដីធ្វើផ្លូវ មួយចំនួនទៀតសង់សំណង់រឹង និងដាំដំណាំពីលើផងដែរ។
លោកបានឲ្យដឹងទៀតថា បន្ទាប់ពីអាជ្ញាធរស្រុកធ្វើការ សម្របសម្រួលឲ្យមានការបើកផ្លូវនេះឡើងវិញរួចមក ផ្លូវនេះប្រជាពលរដ្ឋនៅតែមិនអាចធ្វើដំណើរបាន ដោយសារ តែផ្លូវរបស់រដ្ឋខ្លះមានការដាំដំណាំ និងសង់សំណង់រឹង និងខ្លះមានព្រៃដុះ អូជ្រោះជ្រៅដូចដែលបានរាបរាប់ខាងលើ។ ដោយឡែកផ្លូវខ្លះដែលលោកខូវ គាត បានធ្វើនៅលើដីរបស់គាត់ គឺគាត់បិទមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋដើរឆ្លងកាត់បានឡើយ។
លោកបានបន្តឲ្យដឹងទៀតថា ដោយប្រជាពលរដ្ឋធ្លាប់បានធ្វើដំណើរលើផ្លូវចាស់មួយខ្សែនេះកន្លងមក ហេតុនេះពួកគាត់ត្រូវការផ្លូវនេះជាចាំបាច់ ហើយបច្ចុប្បន្នផ្លូវនេះនៅ តែមិនទាន់អាចធ្វើដំណើរបាននោះ ទើបពួកគាត់បាន សម្រេចរួមបដិភាគថវិកាមួយចំនួន ដើម្បីចូលរួមជាមួយនិងសប្បុរសជន ដែលលោកមានចិត្តសប្បុរសធម៌ លោកបានស្ម័កជួយគ្រឿងចក្រសម្រាប់ធ្វើផ្លូវមួយខ្សែនេះទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ ដោយមិនគិតកម្រៃអ្វីឡើយ។
ជាមួយគ្នានេះដែរ លោកក៏បានធ្វើសំណើស្នើសុំជួសជុលនិងកែលម្អផ្លូវចាស់មួយខ្សែនេះ ដោយបានដាក់សំណើស្នើសុំទៅលោក សូត សង់ អភិបាលរងស្តីទីស្រុកទឹកផុស ដើម្បីសុំការអនុញ្ញាតធ្វើការជួសជុលនិងកែលម្អផ្លូវនេះឡើងវិញ ក្នុងនោះដែរលោកក៏បានស្នើសុំឱ្យមានការចូល រួមពីអាជ្ញាធរស្រុកផងដែរ ដើម្បីជួយឃ្លាំមើលដំណើរការក្នុងការឈូសឆាយជួសជុលផ្លូវនេះ ក្រែងមានបញ្ហាកើត ឡើង តែបើជួបបញ្ហាត្រង់ចំណុចណានឹងធ្វើការដោះស្រា យគ្នាជាបណ្ដើរៗ រហូតដល់ការងារជួសជុលនិងកែលម្អផ្លូវមួយខ្សែនេះបញ្ចប់ជាស្ថាពរនិងគ្មានបញ្ហា។ លិខិតស្នើ សុំនេះដែរ លោកបានដាក់ជូនទៅលោកអភិបាលរងស្ដីទីស្រុកទឹកផុសរួចហើយ គឺបានដាក់ជូនលោក តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តែមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីលោកអភិបាលរងស្ដីទីនៅឡើយនោះទេ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានគោរពស្នើសុំដល់លោកអភិបាលខេត្តកំពង់ឆ្នាំង មេត្តាអនុញ្ញាតច្បាប់ឲ្យពួកគាត់បានជួសជុលនិងកែលម្អផ្លូវមួយខ្សែនេះឡើងវិញសម្រាប់ជាប្រយោជន៍សាធារណៈដោយក្តីអនុគ្រោះ និងស្នើសុំលោកអភិបាលខេត្ត ជួយពន្លឿនអនុញ្ញាតច្បាប់ក្នុងការជួសជុលនិងកែលម្អផ្លូវនេះឲ្យបានឆាប់ដោយក្តីអនុ គ្រោះផង ដោយសារតែពេលនេះជារដូវប្រាំងដែលអាចគ្រឿងចក្រចូលដំណើរការបាន ម្យ៉ាងខាងសប្បុរសជនពួកគាត់ក៏កំពុងតែត្រៀមគ្រឿងចក្រសម្រាប់ជួយជួសជុលនិងកែលម្អផ្លូវមួយខ្សែនេះទុកសម្រាប់ប្រើប្រាស់ជាសាធា រណៈដោយមិនគិតកម្រៃឡើយ។
ជុំវិញរឿងរ៉ាវខាងលើនេះ លោកសូត សង់ អភិបាលរងស្ដីទីស្រុកទឹកផុស បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០ ២១នេះឲ្យដឹងថា ទាក់ទងទៅនិងសំណើស្នើសុំធ្វើផ្លូវខាង លើនេះឡើងវិញនោះ សំណើរនេះលោកបានដាក់ស្នើសុំបន្តទៅថ្នាក់ខេត្តរួចហើយ៕