(ភ្នំពេញ)៖ ដោយទទួលបានការណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ បានចាត់តាំង ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ រួមជាមួយក្រុមការងារ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ បាននាំយកថវិកា របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ស៊ឹម សុវណ្ណារិទ្ធ ជំនួយការ អង្គភាពសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ក៏បានពាំនាំនូវប្រសាសន៍ សួរសុខទុក្ខ ជូនដល់ក្រុមគ្រួសារសព របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងឪកាស ប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដែលលោកនាយឧត្តមសេនីយ៍ មានការសោកស្តាយដ៏ក្រៀមក្រំបំផុត ក្នុងការបាត់បង់ សមាជិកជាទីស្រលាញ់បំផុតនេះ ដែលលោកគឺជាស្វាមី ដ៏ល្អ និងជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលាចាកពីលោកនេះទៅ ដែលគ្មានថ្ងៃនឹងអាចត្រលប់មកវិញបាន។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា ជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែងយកចិត្តទុកដាក់ គិតគូរអំពីការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ និងការងារកសាងអង្គភាព ជាពិសេស លោកនាយឧត្តមសេនីយ៍ តែងតែងក្រើនរំលឹកដល់បណ្តាមេបញ្ជាការ គ្រប់អង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវមានស្មារតីមនុស្សធម៌ គុណធម៌ ចូលរួមរក្សា និងយកចិត្តទុកដាក់ ទៅលើបងប្អូនកងរាជអាវុធហត្ថទាំងអស់ដែលនៅក្រោមឪវាត ជាពិសេសនៅពេលដែលពួកគាត់កំពុងតែជួបប្រទះនូវទុក្ខលំបាក ដូចជាពេលនេះជាដើម៕