(ភ្នំពេញ)៖ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ, ជានាយកអង្គការ APO ប្រចាំប្រទេសកម្ពុជា និងជាតំណាងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមរៀបចំ ពិធីអបអរសាទរខួប៦០ឆ្នាំ របស់អង្គការផលិតភាពអាស៊ី (Asian Productivity Organization - APO) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលមានសមាជិកចូលរួមចំនួន២១ប្រទេស តាមប្រព័ន្ធអនឡាញ នាពេលថ្មីៗនេះ។ ពិធីសម្ពោធនេះ គឺជាការចាប់ផ្តើមនៃការឧទិ្ទសពេញមួយឆ្នាំ ចំពោះដំណើរឆ្ពោះទៅផលិតភាព ដែលមានរយៈពេល ៦០ ឆ្នាំនៅអាស៊ី ដែលបង្ហាញថា ផលិតភាពគឺជាកត្តាជំរុញដ៏សំខាន់ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន និងអនាគត។
ប្រទេសកម្ពុជា ជាសមាជិករបស់អង្គការ APO បានចូលរួមអបអរក្នុងពិធីបើកសម្ពោធនេះ ក្នុងនោះក៏មានការបង្ហាញសារវីដេអូអបអរសាទរ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ផងដែរ។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីមកពីប្រទេសជប៉ុន វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដែស កម្ពុជា និងប៉ាគីស្ថាន ក៏បានផ្ញើសារអបអរសាទរក្នុងពិធីនេះផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសវៀតណាម លោក Le Xuan Dinh ដែលបច្ចុប្បន្នជាប្រធាន APO បានធ្វើគាវរកិច្ច ដោយសង្កត់ធ្ងន់លើអំណាចនៃបច្ចេកវិទ្យាឌីជីថល និងការសិក្សាឌីជីថល។
សុន្ទរកថារបស់ឧបការីរដ្ឋមន្រ្តី Atsushi Ueno ក្រសួងការបរទេសនៃប្រទេសជប៉ុន ដែលជាប្រទេសម្ចាស់ផ្ទះ សម្រាប់លេខាធិការដ្ឋាន APO បានទទួលស្គាល់ APO ថា ជាចំណងមួយដ៏រឹងមាំបំផុតរវាងប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិពណ៌នាថា ចំណងទំនាក់ទំនងក្នុងចំណោមសមាជិករបស់អង្គការ APO ជា «ទ្រព្យសម្បត្តិដ៏មានតម្លៃ» សម្រាប់ប្រទេសជប៉ុន។
ពីធីសម្ពោធនេះក៏មានការបង្ហាញ និងការចងចាំពីម្ចាស់ជើងឯកផលិតភាព។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងឧតុនិយម និងជារដ្ឋមន្រ្តីក្រសួងដែនដី និងធនធានរ៉ែ លោក Jone Usamate ដែលបម្រើការអស់រយៈពេលជាង ១០ឆ្នាំ ក្នុងនាមជាអាជ្ញាធរផលិតភាពឈានមុខគេ របស់ប្រទេសហ្វីជី បានពិពណ៌នាអំពីផលប៉ះពាល់យ៉ាងខ្លាំងរបស់ APO ជាពិសេសគំនិត នៃផលិតផលបៃតងរួមផ្សំការបង្កើនផលិតភាព ជាមួយ និរន្តរភាពនិងភាពធន់។
ពិធីសម្ពោធនេះ បានដាក់ឲ្យដំណើរការជាផ្លូវការនូវ APO Vision 2025 ដែលជាទិសដៅយុទ្ធសាស្ត្រ ប្រាថ្នាសម្រេចបាននូវកំណើនផលិតភាព ដែលដឹកនាំដោយការច្នៃប្រឌិតក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ឆ្លុះបញ្ចាំងពីឱកាសនោះ អគ្គលេខាធិការ APO លោក AKP Mochtan ថ្លែងថា ភាពគង់វង្សយូរអង្វែង គឺជាពរជ័យមួយ ប៉ុន្តែវាមិនត្រូវបញ្ឈប់ត្រឹមនេះទេ។ លោកមានទំនុកចិត្តថា ប្រវត្ដិសាស្ដ្រដ៏យូរលង់ នឹងផ្តល់ឲ្យអង្គការ APO នូវប្រាជ្ញាស្មារតី និងចក្ខុវិស័យ ដើម្បីឆ្ពោះទៅរកអនាគត ដែលមានផលិតភាពកាន់តែប្រសើរ។
សូមបញ្ជាក់ថា អង្គការ APO ជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលប្តេជ្ញាចិត្តលើកកម្ពស់ផលិតភាពនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ បង្កើតឡើងក្នុងឆ្នាំ ១៩៦១ អង្គការ APO រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពក្នុងតំបន់ តាមរយៈសេវាកម្មប្រឹក្សាគោលនយោបាយ កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការចែករំលែកការអនុវត្តផលិតភាពល្អបំផុត និងការផ្សព្វផ្សាយទិន្នន័យផលិតភាព និងការវិភាគ៕