(ភ្នំពេញ)៖ ក្រុមហ៊ុនមីជាតិ បានប្រគល់ម៉ាស៊ីន QMS និង ទូរទស្សន៍ ចំនួន២គ្រឿង ជូនទៅដល់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម ក្នុងគោលបំណង ចូលរួមចំណែក ដល់ការទ្រទ្រង់ លើប្រតិបត្តិការប្រចាំថ្ងៃ របស់មជ្ឈមណ្ឌល នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។
ថ្លែងនៅក្នុងពិធីប្រគល់ទទួលសម្ភារៈ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា សម្ភារៈដ៏ថ្មីស្រឡាង ចំនួន២មុខ ដែលមីជាតិ បានប្រគល់ជូនមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម រួមមានទូរទស្សន៍ Flat screen ទំហំ40 អ៊ីង ចំនួន២គ្រឿង និងម៉ាស៊ីន QMS ដែលជាបច្ចេកវិទ្យាទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យ ចំនួនអ្នកមកទទួលសេវា នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងសុក្រឹត និងមានភាពងាយស្រួល។
លោកស្រី អគ្គនាយិកាបានបន្ថែមថា ការផ្តល់ជូនសម្ភារៈទាំងពីរមុខនេះ ប្រព្រឹត្តទៅដោយមើលឃើញ ពីតម្រូវការចាំបាច់ ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការបម្រើសេវាកម្ម ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសិទ្ធភាព និងមានភាពឆាប់រហ័ស ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ប្រតិបត្តិការរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនាសព្វថ្ងៃនេះ ពិតជាមានសកម្មភាពមមាញឹកពិតមែន ទោះក្នុងស្ថានភាពកូវីដ១៩ក៏ដោយ ដែលមជ្ឈមណ្ឌលបានទទួលអ្នកបរិច្ចាក និងប្រើប្រាស់ឈាមរាប់រយនាក់ ក្នុងមួយថ្ងៃៗ ហើយការផ្តល់ជូននូវម៉ាស៊ីនចាប់លេខ QMS និងទូរទស្សន៍នេះ ពិតជាបានសម្រួល ដល់ភាពប្រតិបត្តិការប្រចាំថ្ងៃរបស់ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ពិតមែន។
លោកប្រធាន បានបន្ថែមថា ម៉ាស៊ីន QMS នេះ ជាម៉ាស៊ីនចាប់លេខរង់ចាំទទួលសេវា ដែលជាបច្ចេកវិទ្យា ទំនើបចុងក្រោយ និងមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រងទិន្នន័យ ចំនួនអ្នកមកទទួលសេវា នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម យ៉ាងសុក្រឹត និងមានភាពងាយស្រួល ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ ត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិ ជាមួយប្រព័ន្ធ Data Based នៃមជ្ឈមណ្ឌល និងត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាទំនើប អេក្រង់ Touch screen ដែលរចនាឡើងយ៉ាងសាកសម និងមានលក្ខណៈសន្សំសំចៃ ព្រមទាំងមិនប៉ះពាល់ ដល់បរិស្ថាន ក្នុងកញ្ចប់ ថវិកាសរុបជាង ២៧ លានរៀល ។
ក្នុងឱកាសដ៍ថ្លៃថ្លានេះ លោកសុខ ប៉ូ ក៏បាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រី ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុនទាំងបី និង គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិក នៃក្រុមហ៊ុនដែលតែងតែ ជួយរៀបចំកម្មវិធី បរិច្ចាគឈាម និង ជួយឧបត្ថម្ភជាច្រើនទៀត ដល់ដំណើរការកិច្ចបរិច្ចាគឈាម នៃមជ្ឈមណ្ឌលជាតិផ្ដល់ ឈាម ។
គួររំលឹកផងដែរ ក្រុមហ៊ុនមីជាតិ បានចូលរួមយ៉ាងសកម្មភាព ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម តាំងពីការចាប់ផ្តើមដំបូង ដែលសកម្មភាពទាំងអស់នេះ កើតឡើងបានដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីកញ្ចប់ឆ្អិនស្រាប់ មានរសជាតិខ្មែរដំបូងគេ ផលិតដោយស្នាដៃកូនខ្មែរ ជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន៕