(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន (Maha Chakri Sirindhorn) នឹងធ្វើជាអធិបតីរួមគ្នា ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ» នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភរបស់ ម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំរបស់កម្ពុជា។
ម្ចាស់ក្សត្រិយ៍ សិរិន្ទថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកមិញ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤កុម្ភៈ ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ នឹងសម្ពោធសមិទ្ធផលមួយចំនួន ពាក់ព័ន្ធនឹងវិស័យអប់រំ និងសុខាភិបាល។
ក្រៅពីបានជួបសំណេះសំណាល និងសោយក្រយាជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែកុម្ភៈនេះ ម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន ក៏បានអញ្ជើញទៅសម្ពោធមណ្ឌលសុខភាព និងទស្សនាបឹងយក្សឡោម នៅខេត្តរតនគិរី ផងដែរ ដែលនៅក្បែរបឹងយក្សឡោមនេះ ម្ចាស់ក្សត្រិយ៍ សិរិនថន បានសាងសង់បន្ទប់ទឹកមួយដែលមានតម្លៃ៤ម៉ឺនដុល្លារ៕