(ភ្នំពេញ)៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ គឺជារយៈពេលមួយឆ្នាំគត់ ដែលកម្ពុជា បានចាប់ផ្តើមរកឃើញអ្នកកើតជំងឺកូវីដ១៩។ អ្នកជំងឺកូវីដ១៩ ដំបូងគេ គឺជាជនជាតិចិន ត្រូវបានរកឃើញនៅក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
រយៈពេលមួយឆ្នាំនេះ កម្ពុជា បានរកឃើញជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ សរុប ៤៦០នាក់ (ប្រុស ៣០៣នាក់, ស្រី ១៥៧នាក់)។ ក្នុងនោះព្យាបាលជាចំនួន ៤២៣នាក់ (បុរស ២៩១នាក់, ស្រី ១៣២នាក់) និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៣៧នាក់ (បុរស ១២នាក់, ស្រី ២៥នាក់)។
យោងតាមរបាយការណ៍លើគេហទំព័រ «worldometers» ប្រទេសលើពិភពលោកដែលរងការវាយប្រហារដោយជំងឺកូវីដ១៩នេះ មានរហូតដល់ ២២១ប្រទេស។ កម្ពុជាស្ថិតនៅលេខរៀង១៩២ នៃតារាងប្រទេសរងការវាយប្រហារជំងឺកូវីដ១៩នេះ។
រយៈពេលមួយឆ្នាំនេះ កម្ពុជា មិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩នោះទេ។ កម្ពុជា ក៏ត្រូវបានវាយតម្លៃថា ជាប្រទេសដែលបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ល្អមួយនៅលើពិភពលោកផងដែរ។
ក្រោមការដឹកនាំ និងដាក់ចេញនូវវិធានការម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនរបស់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាល។ ជាពិសេសកម្ពុជាអាចឈានដល់ការកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បានដោយជោគជ័យ។
បើទោះបីកម្ពុជាធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រងលើជំងឺកូវីដ១៩ រយៈពេលមួយឆ្នាំនេះយ៉ាងណាក្តី តែហានិភ័យសម្រាប់កម្ពុជាមិនទាន់កាត់ផ្តាច់នៅឡើយទេ ព្រោះជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលយ៉ាងខ្លាំងលើពិភពលោក។ ក្នុងន័យនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវភ្លេចខ្លួន ហើយត្រូវបន្តចូលរួមអនុវត្តន៍តាមវិធានការទាំងឡាយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។
តាមរយៈសំឡេងចែកចាយតាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន បានអំពាំវនាវ«យើងកំពុងខិតខំទាំងអស់គ្នាក្នុងការទប់ស្កាត់នូវវីរុសកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង គឺជាកិច្ចការសំខាន់ និងចាំបាច់ណាស់។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមលោកអ្នកបន្តយកចិត្តទុកដាក់នៅក្នុងការការពារខ្លួន កុំធ្វេសប្រហែសឱ្យសោះ កុំមើលស្រាលទៅលើលទ្ធភាពនៃការវាយលុករបស់វីរុសកូវីដ១៩នេះ ហើយយើងត្រូវគិតថា វីរុសកូវីដ១៩នេះ អាចវាយលុកមកលើសរីរាង្គយើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់»។
លោកស្រី ក៏បានអំពាវនាវប្រជាពលរដ្ឋបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន លើវិធានការ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត) និង៣កុំ (កុំទៅកន្លែងបិទជិត, កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា) ឱ្យបានខ្ជាប់ខ្ជួនតាមការអំពាវនាវ និងណែនាំរបស់សម្តេចតេជោ ក៏ដូចជាក្រសួងសុខាភិបាល។
លោកស្រី ក៏បានអំពាវនាវដល់អ្នកធ្វើដំណើរចូលមកប្រទេសទាំងផ្លូវអាកាស និងផ្លូវគោក ចូលរួមធ្វើចត្តាឡីស័ក ហើយមិនត្រូវលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលអាចនាំឱ្យមានការឆ្លងចូលក្នុងសហគមន៍នោះឡើយ។
លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវនាវដល់ម្ចាស់កម្មវិធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ដោយត្រូវបាញ់កម្តៅ បាញ់អាល់កុល និងពាក់ម៉ាស់ជូនអ្នកចូលរួម។ ជាពិសេសគោលការរក្សាគម្លាតសុវត្ថិភាព ដោយតម្រូវឱ្យមួយតុអង្គុយគ្នាតែ៥នាក់ប៉ុណ្ណោះ។
សូមបញ្ជាក់ថា រយៈពេលមួយឆ្នាំនៃការរាតត្បាតជំងឺកូវីដ១៩នេះ គេបានសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវវិធានការជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាជាច្រើនជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងជួយរក្សាលំនឹងសេដ្ឋកិច្ច ក៏ដូចជាធានាដំណើរការរោងចក្រសហគ្រាសនានានៅកម្ពុជា៕