(ក្រចេះ)៖ លោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមនិងអាជ្ញធរខេត្តទទួលបន្ទុក រួមនិងមន្ត្រីជំនាញ់ពាក់ព័ន្ធ មេឃុំចៅសង្កាត់ និងអង្គការដៃគូរនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលនៃវឌ្ឍនភាពការងារនៃការចុះកំណត់ និងប្រមូលទិន្នន័យដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យជាក់ស្ដែងយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្នុងភូមិសាស្ត្រក្នុងខេត្តក្រចេះ ដើម្បីពន្លឿនការបញ្ចប់ទំនាស់។
លោក សូ ខនឬទ្ធីគុណ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ពីរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ហើយអាជ្ញាធរឃុំស្រុកនេះហើយដែលជាអ្នកអនុវត្តច្បាប់ដោយ មិនចាំបាច់រង់ចាំក្រសួងស្ថាប័នណាមួយឡើយ ហើយសូមកុំគិតថាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ជាសមត្ថកិច្ចដោយឡែករបស់ក្រសួងស្ថប័នណាមួយ តែជាការទទួលខុសត្រូវរបស់អាជ្ញាធរផ្ទាល់ និងការពារអភិរក្សដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើង។
រដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរស្រុក និងឃុំ ត្រូវបន្តចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអំពីការចូលរួមសហការ និងទប់ស្កាត់ពីការចូលកាន់កាប់ និងអាស្រ័យក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ត្រូវពន្លឿនការចុះកំណត់ និងប្រមូលទិន្នន័យអំពីប្រជាពលរដ្ឋដែលចូលកាន់កាប់ និងអាស្រ័យជាក់ស្ដែងយូរឆ្នាំ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្នុងភូមិសាស្ត្រក្នុងខេត្តក្រចេះឲ្យបានច្បាស់លាស់ និងបន្តចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមជនខិលខូចដែលបន្តប្រព្រឹត្តបទល្មើស និងចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពលើបទល្មើសដែលកើតមានជាពិសេសបទល្មើសកាប់រាន ដុតឆ្ការ ទន្ទ្រាកាន់កាប់ដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិនានា ក្នុងខេត្តក្រចេះ៕