(ភ្នំពេញ)៖ កម្ពុជាកំពុងតែសិក្សារៀបចំ ដើម្បីដាក់ឲ្យដំណើរការតុលាការជំនាញចំនួន២ គឺតុលាការពាណិជ្ជកម្ម និង តុលាការការងារ ក្នុងឆ្នាំ២០២១នេះ ដើម្បីធានានូវគុណភាពសេវាយុត្ដិធម៌ និងដើម្បីបង្កើនជំនឿទុកចិត្ដពីអ្នកវិនិយោគ។
នាពេលថ្មីៗនេះ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ក៏បានចេញសេចក្ដីសម្រេច ដាច់ដោយឡែកចំនួន២ ក្នុងការបង្កើតគណៈកម្មការ រៀបចំដំណើរការ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ក្នុងគោលបំណង ដើម្បីសិក្សារៀបចំដាក់ឲ្យដំណើរការ តុលាការជំនាញទាំង២ផងដែរ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «យើងសង្ឃឹមថា តុលាការជំនាញទាំង២នេះ នឹងអាចរៀបចំ នឹងអាចដាក់ឲ្យដំណើរការបាននៅក្នុងឆ្នាំនេះ»។
លោក ជិន ម៉ាលីន បានឲ្យដឹងទៀតថា គោលបំណង នៃការបង្កើតតុលាការជំនាញទាំង២នេះ ដើម្បីធានានូវគុណភាព សេវាយុត្ដិធម៌ ក្នុងដំណើរការសំណុំរឿង ដោះស្រាយសំណុំរឿង ហើយក៏ចូលរួមក្នុងការពន្លឿន ដំណើរការនីតិវិធី និងកាត់បន្ថយភាពកកស្ទះ សំណុំរឿងផងដែរ។
លើសពីនោះទៀត ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួម កាត់បន្ថយ ការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធី បានលឿនជាងមុន។ នេះជាគូសបញ្ជាក់បន្ថែម របស់លោក ជិន ម៉ាលីន។
លោក ជិន ម៉ាលីន បានបន្ថែមថា ការបង្កើតតុលាការជំនាញនេះ ដើម្បីជួយសម្រួល ក៏ដូចជាបង្កើននូវគុណភាព នៃសេវាយុត្ដិធម៌ តាមរយៈការដោះស្រាយរឿងក្ដី ហើយសំណុំរឿងនីមួយៗ នឹងត្រូវបានដោះស្រាយ ដោយតុលាការ និងចៅក្រម លើជំនាញនីមួយៗ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា តុលាការជំនាញទាំង២នេះ មិនមែនជាតុលាការជំនាញដាច់ដោយឡែក ពីតុលាការធម្មតានោះទេ វានៅក្នុងតុលាការធម្មតាដដែល គ្រាន់តែបែងចែកជាជំនាញប៉ុណ្ណោះ។
លោក ជិន ម៉ាលីន ក៏បានឲ្យដឹងផងដែរថា បើទោះបីពីមុនមក កម្ពុជាអត់ទាន់មានតុលាការជំនាញ ខាងពាណិជ្ជកម្ម និងការងារ ក៏មិនមែនមានន័យថា សំណុំរឿងការងារ និងពាណិជ្ជកម្ម មិនបានដោះស្រាយនោះទេ ដោយសំណុំរឿងទាំងនេះ បានដោះស្រាយដោយរដ្ឋប្បវេណី៕