(សៀមរាប)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានថ្មថ្មី វត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ស្ថិតក្រោមអធិបតីភាព អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប។

ពិធីនេះព្រមទាំងមានការនិមន្តចូលរួមពីព្រះធម្មសិរីអាភាសករោ ព្រះសុមង្គលសិលាចារ្យបណ្ឌិត ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈមហានិកាយ ព្រះគ្រូអនុគណក្រុងសៀមរាប ព្រះគ្រូចៅអធិការ និងវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព អាជ្ញាធរដែនដី លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ផងដែរ។

លោកស្រី យូ សុភា អភិបាលរងខេត្ត បានកោតសរសើរ និងសូមថ្លែងអំណរព្រះគុណ និងអរគុណជាអតិបរមា ប្រគេនព្រះមន្រ្តីសង្ឃ ព្រះគ្រូអនុគណក្រុង ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំង លោកឧកញ៉ា លោក លោកស្រី លោកតា លោកយាយ និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈសម្រាប់សាងសង់ស្ពានថ្មថ្មី វត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាបនេះ។

លោកស្រីថា ស្ពាននេះមិនត្រឹមតែបានរួមចំណែកក្នុងការកាត់បន្ថយនូវការកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននូវកសិផលផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុខមាលភាពសង្គមផងដែរ ពិសេសបានរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុង គាំទ្រវិស័យទេសចរណ៍ និងកិច្ចអភិវឌ្ឍន៍ពាក់ព័ន្ធនានា។

ក្នុងឱកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានថ្មថ្មីនោះផងដែរ អ្នកឧកញ៉ា សៀង ណាំ បានចូលរួមជាបច្ច័យ ចំនួន ៨លានរៀល សម្រាប់ទុកកសាងវត្ត៕