(ភ្នំពេញ)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើសុំដល់កសិករ សូមផ្លាស់ប្តូរផ្នត់គំនិតពីការធ្វើស្រូវដាក់ជង្រុកសម្រាប់ការហូបចុកមួយឆ្នាំ សល់ប៉ុន្មានទើបលក់ចេញ មកធ្វើស្រូវលក់យកចំណេញ ក្នុងជីវភាពជាសហគ្រឹន មិនធ្វើត្រូវកសិកម្ម ក្នុងជីវភាពជាកសិករធម្មតានោះទេ។
ការស្នើនេះធ្វើឡើងក្នុងឱកាលអញ្ជើញក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការឥណទាន ផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណជិត៣០០នាក់។
លោក កៅ ថាច បានស្នើសុំយ៉ាងដូច្នេះថា «សូមបងប្អូនកែប្រែទម្លាប់ពីការដាំដុះបែបកសិករធម្មតា ទៅធ្វើការដាំដុះក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ជកម្ម ដោយចេះធ្វើផែនការចំណូល និងផែនការចំណាយឱ្យបានច្បាស់លាស់ មានផែនការផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព»។
ជាមួយគ្នានេះ លោកចង់ជំរុញឱ្យបងប្អូនធ្វើការដាំដុះ ដើម្បីជំនួសការនាំចូលពីបរទេស ដែលគ្មានប្រភព និងធ្វើការជំរុញដើម្បីនាំចេញផងដែរ។ ការណ៍នេះ ជីវភាពរបស់បងប្អូន នឹងមានការកែប្រែ និងរីកចំរើន។
លោក កៅ ថាច បានបញ្ជាក់ថា ការរៀបចំឡើងកម្មវិធីជូនជុំនេះឡើងក្នុងបំណងណែនាំ ឱ្យបងប្អូនកសិករស្គាល់ក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករ ចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននេះ ដើម្បីឱ្យបងប្អូនមានទីផ្សារច្បាស់លាស់ និងធានាបានតំលៃពិតប្រកដ។
លោកអគ្គនាយកបានបញ្ជាក់ថា ក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ បានបង្កើតឡើងដោយមានការចូលរួមគាំទ្រពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគាររបស់រដ្ឋ និងមានការចូលរួមពីអ្នកជំនួញ ដែលស្ថិតក្នុងវិស័យឯកជនផងដែរ។ ក្រុមហ៊ុននេះ មានតួនាទីជាប្រមូលទិញបន្លែសុវត្ថិភាព ពីបងប្អូនប្រជាកសិករ ដើម្បីយកទៅបោះដុំបន្ត និងលក់រាយផងដែរ។
លោកបានស្នើសុំឱ្យបងប្អូនកសិករ ពិចារណាចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាព ដើម្បីធ្វើការផ្គត់ផ្គង់បន្លែចូលទីផ្សារ និងជាពិសេសបងប្អូនកសិករនឹងឈប់ភ័យព្រួយលើបញ្ហាទីផ្សារ និងលើបញ្ហាតំលៃទៀតហើយ។ តាមរយៈកិច្ចសន្យាកសិកម្មនេះ កសិផលរបស់បងប្អូននឹងធានាបានទាំងតំលៃ និងនិរន្តភាពទីផ្សារ ពីព្រោះយើងមានអ្នកទទួលទិញពិតប្រាកដ មានទីផ្សារពិតប្រាកដ និងការទូទាត់វិញក៏ពិតប្រាកដ ដោយមិនធ្វើឱ្យបងប្អូនមានបញ្ហាឡើយ។
លោក កៅ ថាច បានបន្តទៀតថា ពិតណាស់បច្ចុប្បន្ននេះ បងប្អូនកសិករមួយចំនួនធំបាន និងកំពុងជាប់កម្ចីឥណទានដោយអត្រាការប្រាក់ខ្ពស់ ជាមួយបណ្តាធានាគារ និងមីក្រូហិរញ្ញវត្ថុផ្សេងៗជាដើម។ គួបផ្សំជាមួយការរីករាលដាលជំងឺឆ្លងកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ចរន្តសេដ្ឋកិច្ចជាតិ និងជាពិសេសប៉ះពាល់ដល់ជីវភាព របស់បងប្អូនប្រជាកសិករផងដែរ ។ អាស្រ័យហេតុនេះ ដោយមើលឃើញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន៥០ លានដុល្លារអាមេរិក តាមរយៈធនាគារ ARDB ដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជូនដល់ប្អូនកសិករដាំដុះបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជាដើម។
លោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការទំនាក់ទំនងមក ធនាគារ ARDB ក្នុងករណីបងប្អូនមានតម្រូវការឥណទាន ដើម្បីធ្វើការពង្រីកការដាំដុះ និងអាជីវកម្មរបស់ខ្លួន។
លោកបន្តលើកទឹកចិត្តដល់បងប្អូនកសិករ ធ្វើការជ្រើសរើសពូជមានគុណភាពក្នុងការដាំដុះ ហើយការដាំដុះទៀតសោត ត្រូវតែរៀបចំផែនការដាំដុះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់ និងមានស្ថេរភាព។ ត្រង់នេះលោកបានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការ ជាហេតុធ្វើមានការខាតបង់ ឬមិនទទួលផលចំណេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជន់លើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម៕