(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានជំរុញឲ្យអ្នកចិញ្ចឹមត្រីតាមកសិដ្ឋានទាំងអស់ ខិតខំពង្រីកសក្ដានុពលបន្ថែមទៀត ខណៈក្រសួងបានផ្អាកការនាំចូលត្រីពីក្រៅប្រទេស ក្នុងគោលបំណងដើម្បីបង្កើនផលិតកម្មក្នុងស្រុកផងដែរ។
ការជំរុញដល់អ្នកចិញ្ចឹមត្រីបែបនេះ ធ្វើឡើងខណៈលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី អញ្ជើញចូលរួមវេទិការជាតិ «អេកូទេសចរណ៍លើកទី២ និងវាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង) និងសាកវប្បកម្ម» ដែលឆ្លងកាត់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ហើយក៏បានបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក។
លោក វេង សាខុន បានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញ-ចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផលសម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តផងដែរ។
ចំពោះការចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនេះដែល លោក វេង សាខុន បានណែនាំឲ្យលោកខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំ ចូលត្រីពីប្រទេសជិតខាងដើម្បីបង្កើនផលិតកម្មក្នុងស្រុក។
លោកបញ្ជាក់ទៀតថា កសិដ្ឋានគួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែងបង្កាត់ និងភ្ញាស់ពូជត្រីដែលទីផ្សារខ្វះខាត និងពេញនិយមចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ឲ្យអ្នកចិញ្ចឹមក្នុង និងក្រៅតំបន់នេះ ឬជាកន្លែងស្រាវជ្រាវគុណភាពចំណីត្រី និងហ្វឹកហាត់ការងាររបស់និស្សិត។
លោក វេង សាខុន ក៏បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានថា ក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមត្រីក្នុងកសិដ្ឋាន និងបង្កើតកន្លែងភ្ញាស់ពូជត្រី ក្នុងខេត្តកំពង់ធំសម្រេចទទួលបានជោគជ័យផងដែរ។
លោក វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ចំពោះ លោក សុខ រ៉ាដែន ដែលបានវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅតំបន់នេះ ដែលសកម្មភាពនេះសមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ដែលបានចង្អុលណែនាំ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រី និងកង្កែបជាលក្ខណគ្រួសារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។
សូមបញ្ជាក់ផងដែរថា កសិដ្ឋានខាងលើបានចាប់ផ្តើមដំណើរការចាប់តាំងពីឆ្នាំ២០១១មក ហើយបច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ កសិដ្ឋានចិញ្ចឹមត្រីនេះដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្នកសិដ្ឋានបានពង្រីកសក្តានុពលចិញ្ចឹមដល់ទៅ ៤២ស្រះ មានធំ មានតូច ក្នុងនោះផលអាចទទួលបានជាមធ្យមចំនួន ២០០តោន/ឆ្នាំ សម្រាប់ផ្គត់ផ្គងឲ្យទីផ្សារក្នុងតំបន់ (ខេត្ត និងរាជធានីភ្នំពេញ)៕