(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន (កម្ចីមានការប្រាក់ទាប) ក្នុងទំហំទឹកប្រាក់ ប្រមាណ២៣៨លានដុល្លារអាមេរិក ក្នុងការចូលរួមចំណែក ជាមួយដៃគូអភិវឌ្ឍន៍នានា ជួយគាំទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្លើយតបនឹងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន អំពីជំនួបពិភាក្សាការងាររវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងថ្មី របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ ២០២០ កន្លងមក, រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន២៥ប៊ីលាន យ៉េនជប៉ុន (ត្រូវជាប្រមាណ ២៣៨ លាន ដុល្លារអាមេរិក) ចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានា ជួយគាំទ្រសកម្មភាព នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព, សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹងសេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ»។
ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ ចំពោះលោកស្រី KAMEI Haruko ដែលបានមកបំពេញនូវបេសកកម្ម ជាប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដល់កម្ពុជា។
លោកថា ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូសហប្រត្តិការទ្វេភាគីធំជាងគេមួយ ដែល បានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា។ ការផ្តល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន គឺចំគោលដៅ លើគ្រប់វិស័យ រួមមាន៖ សុខាភិបាល, អប់រំ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ, ស្ពាន, កំពង់ផែស្វយ័ត អន្តរជាតិ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញថាមពលអគ្គិសនី, និងការផ្គត់ផ្គង់ទឹកស្អាត ជាដើម -ល-។
លោកស្រី KAMEI Haruko ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅកម្ពុជា និងបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
ក្នុងអាណិត្តបំពេញភារកិច្ចនៅកម្ពុជា, លោកស្រី សន្យានឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង បន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុង ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាដើម។
ជាថ្មីម្តងទៀត លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន ប្រចាំកម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ឆ្លើយតបចំទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា JICA នឹងបន្តជួយពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម រវាងកម្ពុជា និងប្រទេសជប៉ុន ឲ្យកាន់តែទូលំទូលាយ និងស្អិតរមួតថែមទៀត៕