(កណ្តាល)៖ មន្ត្រីនគរបាលខេត្តកណ្តាល បាឲ្យដឹងថា ករណីប្លន់ផ្ទះ Wing នៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ត្រូវបានកម្លាំងរបស់ ស្នងការខេត្តកណ្តាល ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការឃាត់ខ្លួន នៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយត្រូវតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី២២ ខែកុម្ភៈនេះ។
ស្នងការខេត្តកណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់ឲ្យដឹងថា ជនល្មើសដែលជាមុខសញ្ញាប្លន់ មានឈ្មោះ ឈឺម សុផល នៅចំណុចផ្ទះជួល ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈដែលបក្ខពួក៣ ទៅ៤នាក់ទៀតកំពុងរត់គេចខ្លួន។
លោកស្នងការបញ្ជាក់បន្ថែមថា បន្ទាប់ពីចាប់ខ្លួនហើយ មុខសញ្ញាប្លន់រូបនេះ ត្រូវបានកម្លាំងរបស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បញ្ជូនទៅតុលាការ ហើយតុលាការ ក៏បានចេញដីការឃុំខ្លួនរួចរាល់ផងដែរ។ ចំណែកបក្ខពួក ដែលកំពុងតែរត់គេចខ្លួន កម្លាំងនគរបាលកំពុង តែចាត់វិធានការ ដើម្បីតាមប្រមាញ់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕