(ភ្នំពេញ)៖ ជនមានពិការភាពនឹងទទួលបានអត្ថប្រយោជន៍ដ៏សម្បូរបែប បន្ទាប់់ពីរាជរដ្ឋាភិបាលអនុវត្តកម្មវិធីអត្តសញ្ញាណពិការភាព ដោយប្រើបច្ចេកវិទ្យាឌីជីថល ក្នុងខែតុលា កន្លងទៅនេះ ដោយចាប់ផ្តើមជុំទី១ នៅខេត្តចំនួន ៨ខេត្ត រួមមាន ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ និងជុំទី២ មានចំនួន១៧ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះវិហា ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះជាការលើកឡើងរបស់ លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក សួង ម៉េងឡុង រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្តស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ ២៥រាជធានី ខេត្ត នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ដែលមានសមាសភាពអញ្ជើញចូលរួមពីតំណាងមន្រ្តីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង២៥រាជធានីខេត្ត តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ស្ថាប័នពាក់ព័ន្ធនានា។
លោកបានបញ្ជាក់បន្ថែមទៀតថា តាមរយៈគោលការណ៍ណែនាំអំពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជនមានពិការភាពនឹងទទួលបានប័ណ្ណសំគាល់ពិការភាពសម្រាប់ប្រើប្រាស់ តាមតម្រូវការនៃសេវានានាជាសាធារណៈ ឬឯកជនដែលបានបង្ហាញយ៉ាងច្បាស់នូវសារប្រយោជន៍នៃកម្មវិធីអត្តសញ្ញាណពិការភាព ដែលក្នុងនោះមានដូចជា ការជួយសម្រួលដល់ការទទួល បានការគាំទ្រផ្នែក សេវាគាំពារសង្គមនិងជំនួយសង្គម អាទិភាពការងារក្នុងស្ថាប័នរដ្ឋនិងឯកជន ការធ្វើដំណើដោយប្រើមធ្យោបាយសាធារណៈ សម្រួលក្នុងការចូលសិក្សាក្នុងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជននៅគ្រប់កម្រិតសិក្សា ការចូលទស្សនាទីកន្លែងកម្បាន្ត ការសម្រួលក្នុងការទទួលបានសេវាសុខភាពនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ និងមណ្ឌលស្តារកាយសម្បទា ការលើកទឹកចិត្តផ្នែកពន្ធដារស្របតាមច្បាប់ ជាធរមានការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរនិងការងារប្រកបដោយបរិយាបន្ន សកម្មភាពសិល្បៈ និងកីឡាជនមានពិការភាព។ល។
លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការអនុវត្តន៍កម្មវិធីនេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យជនមានពិការភាពនៅទូទាំងប្រទេស ការផ្តល់សេវាដល់ជនមានពិកការភាពកាន់តែប្រសើដែលផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់ជនមានពិការភាពក្រីក្រកាន់តែងាយស្រួល និងមានប្រសិទ្ធិភាព ដែលជាការលើកស្ទួយជីវភាពរស់នៅ ធានាបានការរស់នៅដោយឯករាជ្យ សម្រាប់ជនមានពិការភាព៕