(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានបញ្ជាក់ថា ព័ត៌មានជំរឿនប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផ្តល់នូវសូចនាករផ្ទាល់សម្រាប់តាមដាន ត្រួតពិនិត្យគោលដៅអប់រំ យេនឌ័រ មរណភាព និងបរិស្ថាន បន្ថែមពីលើអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងអង្កេតប្រជាស្ត្រ និងសុខភាព ដែលបានផ្តល់នូវសូចនាករផ្ទាល់សម្រាប់តាមដានភាពក្រីក្រ និងសូចនាករមួយចំនួនទៀត។
ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើកំណែទំរង់គ្រប់វិស័យ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលជាស្នូលក្នុងគ្រប់គោលនយោបាយ និងយុទស្ធា្រស្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ ជាក់ស្តែងទិន្នន័យស្ថិតិ គឺជាមូលដ្ឋានដ៏មានសារៈសំខាន់សម្រាប់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងជាឧបករណ៍ សម្រាប់វាយតម្លៃពីវឌ្ឍនភាពនៃកិច្ចការទាំងនោះផងដែរ។
បន្ថែមពីនេះ សម្តេចក្រឡាហោម ថាបើតាមទិន្នន័យស្ថិតិដែលប្រមូលបានពីជំរឿន និងអង្កេត ទាំងឡាយបានផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់រៀបចំ និងតាមដានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ វាយតម្លៃ ស្ថានភាពក្រីក្រនៅកម្ពុជា និងការសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ក៏ដូចជាជួយដល់អ្នកសិក្សាស្រាវជ្រាវនៅថ្នាក់ជាតិ រួមទាំងសហគមន៍ជាតិ និងអន្តរជាតិដ៏ទូលំទូលាយ។
បណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍ កំពុងប្រឈមមុខនឹងការសម្រេចបានការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដែលបានឯកភាពជាសកលតាមរយៈសេចក្តីថ្លែងការណ៍ឆ្នាំ២០១៦។ ទោះបីយ៉ាងណាក៏ដោយ រង្វាស់នៃដំណើរការរីកចម្រើនរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺផ្អែកលើព័ត៌មាន និងទិន្នន័យជំរឿនដែលមាន។ ប្រភពទិន្នន័យបឋមនៃព័ត៌មានពីចំនួន និងចរិតលក្ខណៈប្រជាជន និងលំនៅដ្ឋាន គឺសំខាន់ណាស់សម្រាប់សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសម្រាប់ផែនការអភិវឌ្ឍន៍ផ្សេងៗ។
សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានជំរឿន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ផ្តល់នូវសូចនាករផ្ទាល់សម្រាប់តាមដាន ត្រួតពិនិត្យគោលដៅអប់រំ យេនឌ័រ មរណភាព និងបរិស្ថាន បន្ថែមពីលើអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងអង្កេតប្រជាស្ត្រ និងសុខភាព ដែលបានផ្តល់នូវសូចនាករផ្ទាល់សម្រាប់តាមដានភាពក្រីក្រ និងសូចនាករមួយចំនួនទៀត»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា របាយការណ៍ពាក់កណ្តាលអណត្តិ នៃផែនការយុទ្ឋសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់កម្ពុជា នឹងត្រូវបានវាយតម្លៃ និងត្រួតពិនិត្យជាប្រក្រតី។ របាយការណ៍ជំរឿននេះ នឹងជួយកែលម្អជាចាំបាច់ និងកែសំរួលនៅក្នុងគោលដៅ ទិសដៅ និងផែនការស្របជាមួយនឹងទិន្នន័យថ្មីៗ និងតថភាព។
ទន្ទឹមនឹងនេះដែរ សម្តេចប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានឱ្យដឹងថា ឥឡូវនេះ កម្ពុជាមានកាលានុវត្តភាពធំធេងដើម្បីធ្វើ ដោយប្រើលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩។ សូចនាករជំរឿនផ្នែកប្រជាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ចជាពិសេស គឺផ្នែកកំណើន ប្រជាជន និងរបាយប្រជាជន ផ្នែកអប់រំ សុខាភិបាល ពលកម្ម សម្ភារហេដ្ឋារចនាសម្ព័ន្ធ និងសមភាព យេនឌ័រ ដែលទាមទារការយកចិត្តទុកដាក់របស់យើងសម្រាប់សកម្មភាពចាំបាច់ទាំងឡាយ៕