(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវិមាន៧មករា ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន ដោយមានការអញ្ជើញចូលរួមសំណាក់លោក លោកស្រីដែលជាអនុប្រធាន សមាជិក សមាជិកា។

ក្នុងដំណើរការកិច្ចប្រជុំនេះ អគ្គលេខាធិការដ្ឋាន នៃគណៈចលនាមហាជនបានធ្វើរបាយការណ៍ប្រចាំឆ្នាំរបស់គណៈជំនាញទាំង៤គឺ គណៈចលនាយុវជន គណៈចលនាស្ត្រី គណៈចលនាសហជីព និងគណៈចលនាអង្គការ សមាគមន៍ និងដៃគូអភិវឌ្ឍន៍ ពីសមិទ្ធផលនានាដែលសម្រេចបានទោះបីជាសកម្មភាពមួយចំនួន ត្រូវបានប៉ះពាល់ដោយវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏នៅតែអាចទទួលបានលទ្ធផលគួរជាទីមោទនៈ។

របាយកាណ៍ក៏បានរៀបរាប់ផងដែរ ពីបេសកកម្មរបស់អគ្គលេខាធិការដ្ឋានដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ទៅកាន់រាជធានី-ខេត្ត ចាប់ពីចុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០ ដើម្បីណែនាំតម្រង់ទិស ពង្រឹងរចនាសម្ព័ន្ធ និងពង្រឹងរបៀបរបបធ្វើការងារ ឲ្យបានកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់គណៈទាំង៤ រួមទាំងអគ្គលេខាធិការដ្ឋាន ដែលបានសម្រេចការងារយ៉ាងច្រើនទោះបីជាស្ថិតក្នុងបរិបទ នៃការរីករាល នៃជំងឺកូវីដ-១៩ក៏ដោយ។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្ថែមដោយលើកទឹកចិត្តឲ្យបន្តធ្វើការងារក្នុងគន្លងថ្មី ហើយបន្ថែមការផ្សព្វផ្សាយពីការការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាជនគ្រប់កាលៈទេសៈ។
សូមជម្រាបផងដែរថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល នៃគណៈប្រជាជនកម្ពុជា ជាស្ថាប័នជំនួយឲ្យគណៈកម្មាធិការកណ្តាលក្នុងការដឹកនាំ ណែនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជនរបស់គណបក្សក្នុងស្រទាប់មហាជន យុវជន ស្ត្រី កម្មករ និយោជិត និងអង្គការសង្គមនានា៕