(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ ស្ដីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យមាឃបូជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្តកណ្តាល តំណាងអភិបាលរាជធានីភ្នំពេញ មេបញ្ជាការរងលើផ្ទៃប្រទេស ប្រធាននាយកដ្ឋានអង្គរក្ស ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នងការរងខេត្តកណ្តាល ស្នងការខេត្តកំពង់ឆ្នាំង ស្នងការរងខេត្តកំពង់ស្ពឺ និងសម ត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យសាសនា ដ៏ធំមួយរបស់កម្ពុជា ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
លោកឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកឲ្យកម្លាំងត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយប្រើប្រាស់គ្រប់វិធានការ ជាសារវ័ន្ដ និងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីរក្សាការពារ សន្ដិសុខ សុវត្ថិភាព និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ។ កម្លាំងគ្រប់ថ្នាក់ ត្រូវធានាបរិមាណកម្លាំងគ្រប់គ្រាន់ក្នុងកិច្ចប្រតិបត្តិការ ដោយលើកកម្ពស់ស្មារតីទទួលខុសត្រូវ គោរព និងអនុវត្តតាមបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ក្នុងពេលបំពេញភារកិច្ច។ ជាមួយគ្នានោះ ត្រូវមានឯកសណ្ឋានឲ្យបានត្រឹមត្រូវសមរម្យ និងមានអាកប្បកិរិយាប្រកបដោយសុជីវធម៌៕