(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កំណែទម្រង់មន្ត្រីនគរបាល នាពេលខាងមុខនេះ គឺធ្វើឡើងដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ មិនមែនធ្វើឡើងដើម្បីបុគ្គលណាម្នាក់នោះទេ។

ការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីអ្នកសារព ័ត៌មាន បានចោទសួរអំពីការធ្វើកំណែទម្រង់នគរបាល បន្ទាប់ពី សម្តេចកាលពីថ្ងៃទី១២ ខែមករា បានបង្កើតគណៈកម្មការ និងសមាសភាព ដើម្បីរៀបចំធ្វើកំណែទម្រង់នគរបាលជាតិ នៅពេលខាងមុខនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជុំវិញរឿងកំណែទម្រង់នគរបាលជាតិយ៉ាងដូច្នេះថា៖ «មែនទែនទៅកំណែទម្រង់មិនមែនតែនគរបាលនោះទេ កំណែទម្រង់គ្រប់វិស័យរាជរដ្ឋាភិបាលយើងបានប្រកាន់យកគោលការណ៍នេះ ចាប់ពីអាណត្តមុន រហូតមកដល់អាណត្តិនេះ អញ្ចឹងនគរបាលក៏ជាផ្នែកមួយនៃការធ្វើកំណែទម្រង់...! ទេពីមុនយើងក៏ធ្វើដែរ កំណែទម្រង់អត់មានទីបញ្ចប់ទេ អត់ទីបញ្ចប់»

សម្តេចបានបន្ថែមថា៖ «អ្នកណាថាអី មិនដឹងទេ តែយើងធ្វើកំណែទម្រង់ដើម្បីប្រទេសជាតិ សម្រាប់ប្រជាពលរដ្ឋ យើងអត់ធ្វើសម្រាប់បុគ្គលណាទេ»។ បើតាមសម្តេចក្រឡាហោម, សម្រាប់ការធ្វើកំណែទម្រង់មន្ត្រីនគរបាល គឺដើម្បីធ្វើយ៉ាងណាបង្កើនគុណភាព សមត្ថភាពរបស់មន្ត្រី ដើម្បីឆ្លើយតបទៅនឹងការវិវត្តទៅមុខឥតឈប់របស់សង្គមជាតិ ជាដើម។

សូមបញ្ជាក់ថា គណៈកម្មការកែទម្រង់នគរបាលជាតិ ដែលត្រូវបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នោះ មានភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់ធ្វើការវិភាគមុខងាររចនាសម្ព័ន្ធ នៃអង្គភាពនីមួយៗ ដើម្បីកំណត់ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ការបំពាក់មធ្យោបាយសម្ភារបម្រើការងារ និងការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស សំដៅធ្វើការកែទម្រង់នគរបាលជាតិកម្ពុជា សម្រាប់រយៈពេលចំពោះមុខ និងរយៈពេលមធ្យមទៅរយៈពេលវែង ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គណៈកម្មការនេះ ពិនិត្យសិក្សាលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំច្បាប់លិខិតបទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត សំដៅបម្រើដល់ការងារកំណែទម្រង់នគរបាលជាតិកម្ពុជា ព្រមទាំងពិនិត្យរៀបចំឯកសារពាក់ព័ន្ធការងារកំណែទម្រង់នគរបាលជាតិកម្ពុជា ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចរួម និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់៕