(កំពង់ឆ្នាំង)៖ ករណីស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតកឡើងអារ-កនៅលើផ្ទះទាំងកណ្ដាលអាធ្រាត្របណ្ដាលឲ្យស្លាប់ចោលកូនតូចៗ៣នាក់ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ។ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន Fresh News បានចុះទៅដល់លំនៅដ្ឋានជនរងគ្រោះ ស្ថិតក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជួបជាមួយឪពុកម្ដាយក្រុមគ្រួសារ និងកូនតូចៗរបស់ស្ត្រីរងគ្រោះ ពួកគាត់បានរៀបរាប់ប្រាប់ពីដំណើររឿងដែលឃាតកបានសម្លាប់ស្ត្រីរងគ្រោះខាងលើនេះឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អឿន រ៉េន អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មការិនី កាត់ដេរ មានកូន៣នាក់នៅក្នុងបន្ទុកស្រី១ ប្រុស២ ដែលកូនស្រីច្បងមានអាយុ១១ឆ្នាំ បច្ចុប្បន្នរៀនថ្នាក់ទី៤ និងកូនពៅតូចអាយុមួយខួប។ គ្រួសារនេះបានលែងលះគ្នាជាមួយប្ដីមុនអស់រយៈពេល១ឆ្នាំមកហើយ ដោយបច្ចុប្បន្ន រស់នៅជាមួយនឹងកូនតូចៗ៣នាក់នៅក្នុងខ្ទមតូចមួយរបស់នាងតែប៉ុណ្ណោះ។
ប្រភពពីក្រុមគ្រួសារបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីលែងលះប្ដីរបស់នាងមក នាងមានស្នេហាលួចលាក់ជា មួយបុរសម្នាក់ ដែលនៅក្នុងភូមិជាមួយគ្នា។ នៅយប់កើតហេតុគេមិនដឹងថា បុរសរូបនេះចូលមកផ្ទះរបស់នាង តាំងពីពេលណានោះទេ លុះនៅវេលាម៉ោងប្រមាណជា១ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ស្រាប់តែបុរសដែលមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ បានធ្វើសកម្មភាពដោយយកកាំបិតមកអារ-កជន រងគ្រោះបណ្ដាលឱ្យប្រកាច់ស្លាប់នៅនឹងកន្លែងតែម្ដង។
អ៊ុប្រុសឈ្មោះ អឿន រឿន អាយុ៥៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះខាងលើនេះ បានឱ្យដឹងថា នៅយប់កើតហេតុ រូបគាត់ និងប្រពន្ធរួមទាំងកូនៗផង បានដេកនៅឯផ្ទះរបស់គាត់ ដែលមានចម្ងាយពីផ្ទះស្ត្រីរងគ្រោះជាង ១០០ម៉ែត្រ លុះបន្ទាប់ពីកើតហេតុភ្លាមក៏ឃើ ញចៅស្រីរបស់គាត់ដែលត្រូវជាកូនរបស់ស្ត្រីរងគ្រោះខាងលើ បានរត់ទៅដាស់គាត់ ដោយប្រាប់ថា គេអារ-ក ម្ដាយរបស់នាងស្លាប់ហើយ ភ្លាមនោះដែរគាត់ក៏បានរត់មកឡើងមើលលើផ្ទះ ក៏បា នឃើញកូនស្រីរបស់គាត់ត្រូវបានគេអារ-ក ស្លាប់ពិតប្រាកដមែន គាត់ក៏បានប្រញាប់ប្រញាល់ជិះម៉ូតូទៅរាយការណ៍ជូនលោកមេភូមិភ្លាមៗដែរ។
ដោយឡែកលោក ទា សៅ អាយុ៦២ឆ្នាំ ជាអាជ្ញាធរភូមិក៏បានឱ្យដឹងថា នៅយប់កើតហេតុនោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីឪពុករបស់ស្ត្រីរងគ្រោះហើយនោះ លោកក៏បានប្រមូលក្រុមប្រជាការពារភូមិ ឲ្យមកកន្លែងកើតហេតុដើម្បីជួយគ្នាក្នុងការការពារ និងជួយចាត់ចែងការងារផ្សេងៗ បន្ទាប់មកលោកក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុជាបន្ទាន់ផងដែរ។
ជុំវិញករណីខាងលើនេះ លោក ឌុច ចំរើន ប្រធានការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងដែរថា ឃាតកដែលបានសម្លាប់ស្ត្រីខាងលើនេះ ត្រូវបានគេស្គាល់ និងកំណត់មុខសញ្ញាបានហើយ តែបច្ចុប្បន្នជននេះត្រូវបានរត់គេចចេញពីមូលដ្ឋានបាត់ហើយ តែទោះជាយ៉ាងនេះក្តីសមត្ថកិច្ចក៏កំពុងតែធ្វើការទំនាក់ទំនង ជាមួយនឹងសមត្ថកិច្ចនៅតាមបណ្ដាខេត្ត ដើម្បីសហការស្វែងរកចាប់ជនបង្កយកមកផ្ដន្ទាទោសទៅតាមច្បាប់។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា នឹងជនរងគ្រោះផងដែរ៕