(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យមន្ទីរអប់រំ-រាជធានីខេត្ត មកទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ដើម្បីចែកជូនបេក្ខជន ដែលប្រឡងជាប់ដោយស្វ័យប្រវត្តិ ដោយឥតគិតថ្លៃ។ នេះបើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្ដញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។
ក្នុងលិខិត របស់រដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងយ៉ាងដូច្នេះថា សូមជម្រាបជូនលោក-លោកស្រី ប្រធានជ្រាបថា៖ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ ជូនបេក្ខជនដែល ទើបបានសម្រេចឲ្យជាប់ ដោយស្វ័យប្រវត្តិ ដើម្បីយកទៅប្រើប្រាស់ តាមច្បាប់អនុញ្ញាត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក-លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់ មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ឲ្យមកទទួលយក សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ ដើម្បីយកទៅចែកជូន បេក្ខជនដោយឥតគិតថ្លៃ៕
ខាងក្រោមនេះ លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ៖